សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី​បណ្ឌិត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤នេះ​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។

បេីតាមការ​បញ្ជាក់ពី​ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញអមដំណើរ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី​បណ្ឌិត រួមមាន៖​ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍​អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់​ទំនាក់ទំនង​ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់​ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុង​កើតមានប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចមហាបវរធិបតី នឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំ​អា​ស៊ានជា​មួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក​មួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print