ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយ នាយក នាយករងរដ្ឋបាល សាលាខេត្ត នារាត្រីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យ ការងារតុបតែងភ្លើងលម្អ នៅតាមដងផ្លូវសាធារណៈ តាមសួនច្បារ និងផ្លូវវាងក្រុងពោធិ៍សាត់ ដើម្បីរួមចំណែកលើកកម្ពស់សោភណ្ឌភាពក្រុងនាពេលរាត្រី ឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក អភិបាលខេត្ត ក៏បានធ្វើការណែនាំកិច្ចការមួយចំនួន ពាក់ព័ន្ធនឹងការធ្វើអនាម័យបរិស្ថាន នៅតាមទីកន្លែងសាធារណៈ ព្រមទាំងធ្វើការជម្រុញ ដល់ក្រុមបច្ចេកទេសតភ្ជាប់ចរន្ធអគ្គិសនី ដើមី្បធ្វើការត្រួតពិនិត្យ នូវរាល់ភ្លើងដែលបានបំពាក់នៅតាមដងផ្លូវសំខាន់ៗ ក្នុងការធ្វើឱ្យសោភណ្ឌភាពក្រុងពោធិ៍សាត់នាពេលរាត្រី ឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ជាពិសេសក្នុងឱកាសព្រឹត្តិការណ៍ ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នាថ្ងៃទី០៩-១០ ខែវិច្ឆិកាខាងមុខ រួមទាំងពិធីបុណ្យឆ្លងឆ្នាំសាកល។ ម៉្យាងទៀតតាមការបញ្ជាក់ គឺថាខេត្តពោធិ៍សាត់ គ្រោងជាគោលដៅ ដែលត្រូវរៀបចំព្រឹត្តិការណ៍ «បុណ្យទន្លេ» នាពេលខាងមុខផងដែរ។
លោក អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹក នាយករងរដ្ឋបាលសាលាខេត្ត ដែលទទួលបន្ទុករៀបចំការតុបតែងភ្លើងលម្អ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ឱ្យបានជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបច្ចេកទេស ការតភ្ជាប់ចរន្ធភ្លើង កុំឱ្យមានការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានដាក់នូវបទបញ្ជាដល់អាជ្ញាធរក្រុង ត្រូវរៀបចំនូវបរិស្ថានអនាម័យ តាមដងផ្លូវ និងទីសាធារណៈ ជាពិសេសបរិវេណរូបសំណាក់ លោកឧកញ៉ា ឃ្លាំង មឿង ជិះសេះ នៅផ្លូវវាងក្រុងពោធិ៍សាត់៕