ស្លាប់ម្នាក់ របួសស្រាលម្នាក់ ខណៈជិះម៉ូតូឌុបគ្នាធ្លាក់ជង្ហុកចិញ្ចេីមផ្លូវដួលអូសជាច្រេីនម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសស្រាល ខណៈពួកគាត់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនរួចធ្លាក់ជង្ហុកនៅចិញ្ចើមផ្លូវបណ្ដាលឱ្យដួលអូសទៅមុខជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ង៉ែត រិនចាន់តារា ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខសៀមរាប-1AQ-8766 ជិះដោយបុរសរងគ្រោះពីរនាក់ឌុបគ្នាតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតធ្លាក់ជង្ហុកចិញ្ចឹមផ្លូវបណ្ដាលឱ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ ធ្វើឲ្យជនរងគ្រោះបោកក្បាលទៅនឹងផ្លូវស្លាប់ម្នាក់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះមកដល់ រួចធ្វើកំណត់ហេតុវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print