ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសមជាមួយលោក Kim Jung Hwan នាយកប្រតិបត្តិក្រុមហ៊ុន DAEHAN Corporation ប្រទេសកូរ៉េ ដែលមានបំណងមកកែឆ្នៃសំណល់ប្លាស្ទិក ទៅជាឥន្ធនៈ នៅទីលានចាក់សំរាមស្រុកព្រៃនប់កាលពីម្សិលមិញនេះ។
សូមជម្រាបថា បច្ចុប្បន្ន ទីលានចាក់សំរាមអូរតាសេក ស្រុកព្រៃនប់ ទទួលសំរាមប្រមាណជា ៦០០-៧០០តោនក្នុងរយៈពេលថ្ងៃ។
គួររម្លឹកថា លោក ឡុង ឌីម៉ង់ កាលពីថ្ងៃទី០៩ ខែតុលាថ្មីៗនេះ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនគម្រោងវិនិយោគ៣ នៅខេត្តព្រះសីហនុ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព នៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។
ជាលទ្ធផលបឋម សំណើសុំគោលការណ៍វិនិយោគរោងចក្រផលិតគ្រឿងបង្គុំឧបករណ៍លោហៈធាតុ, រោងចក្រកែច្នៃផ្លែឈើ, និង រោងចក្រកែច្នៃឈើដាំ សរុបទុនវិនិយោគចំនួន ជាង ១៦លានដុល្លារអាមេរិក ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ៕ ដោយ៖តារា