ភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិមកដល់ពហុកីឡដ្ឋានហើយ
កម្ពុជា 🆚 ឆាយនីស តៃបុិ នសថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ⏰ វេលាម៉ោង ៧:០០នាទីយប់ 🏟 ពហុកីឡដ្ឋានជាតិ (អូឡាំពិក) “ទាំងអស់គ្នាដើម្បីកម្ពុជា”
តោះមកស្វែងយល់អំពី គោលគំនិតនៃការច្នៃប្រឌិតឯកសណ្ឋានជម្រើសជាតិកម្ពុជាថ្មី មានដូចខាងក្រោម៖
– ទី១ រចនាបថមានខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ”
– ទី២ ការប្រើប្រាស់ ផ្កាចន្ទន៍ ផ្សារភ្ជាប់ជាមួយខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ”។ ក្បាច់ផ្កាចន្ទន៍ គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្ដ និងវប្បធម៌របស់ខ្មែរ ដែលទម្រង់ក្បាច់រចនាទូទៅ ត្រូវបានប្រើប្រាស់ទៅលើសំពត់ សម្លៀកបំពាក់ គ្រឿងសម្ភារៈជាដើម របស់ដូនតាខ្មែរ តាំងពីសម័យបុរាណកាលមកដូចដែលមានឆ្លុះបញ្ជាំងលើសិលាចារឹក តាមប្រាសាទនានា។ ចំពោះសម័យកាលបច្ចុប្បន្នវិញ ការរចនាបថក្បាច់ផ្កាចន្ទន៍ ក៏មានការប្រើប្រាស់ នៅតាមសំពត់ ខោអាវ ស្ថាបត្យកម្ម វាយនភណ្ឌ និងសិប្បកម្ម ផ្សេងៗយ៉ាងទូលំទូលាយ។ ក្បាច់ផ្កាចន្ទន៍ ឆ្លុះបញ្ជាំងពីអរិយធម៌ វប្បធម៌ ប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ និងសិល្បៈយ៉ាងសម្បូរបែបដ៏ជ្រាលជ្រៅរបស់ដូនតាខ្មែរ បន្តពីបុរាណកាលដល់បច្ចុប្បន្នកាលនេះ ដូច្នេះការប្រើប្រាស់ក្បាច់ផ្កាចន្ទន៍ក្នុងការរចនានេះ គឺតំណាងឱ្យ អត្ថន័យ និងខ្លឹមសារនៃពង្សាវតារខ្មែរ។
– ទី៣ ខ្លឹមសារអត្ថន័យ “ពង្សាវតារ” គោលគំនិតក្នុងការរចនាដកស្រង់អត្ថន័យពីបទពង្សាវតារខ្មែរ វគ្គទី៣៖
“ខ្មែរអើយចូរស្ដាប់សាវតារ ដែលបានចរចារ
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ
បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង
ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។”
ក្នុងវគ្គនេះមានអត្ថន័យ ដាស់តឿន កូនខ្មែរគ្រប់រូប ខំប្រឹងអភិវឌ្ឍន៍ខ្លួន ប្រទេសជាតិ និងវប្បធម៌ឱ្យបានប្រសើរឡើង ដូចដែលពង្សាវតារខ្មែរធ្លាប់មានពីបុរាណកាលនៅក្នុងប្រវត្តិសាស្រ្តខ្មែរ។ នេះគឺជាអត្ថន័យនៃការរចនា តាមប្រធានបទ “ពង្សាវតារ” របស់ឯកសណ្ឋានក្រុមជម្រើសជាតិថ្មី។
– ទី៤ ការតំរៀបក្បាច់ផ្កាចន្ទន៍នៅលើផ្ទៃសាច់ក្រណាត់ ដោយរៀបតាមលំនាំនៃកំពូលប៉មប្រាសាទអង្គរវត្តទាំងប្រាំ ពីលើលំហ ប្រសិនមើលចំពីខាងលើដែលមានផ្កាចន្ទន៍ដុំធំ ១ នៅចំកណ្ដាល និងមានជុំវិញនូវផ្កាចន្ទន៍ដុំតូចៗ ចំនួន៤ ដែលប្រាសាទអង្គរវត្ត គឺជាដួងព្រលឹងជាតិខ្មែរ បញ្ជាក់អំពីអរិយធម៌ វប្បធម៌ខ្មែរទាំងមូល។
– ទី៥ ពណ៌ខៀវចាស់ (ពណ៌ខៀវនៃទង់ជាតិខ្មែរ) តំណាងឱ្យសាមគ្គីភាព ដើម្បីបង្កើនភាពព្រៀប ធ្វើឱ្យពូជសាសន៍ និងអរិយធម៌ខ្មែរថ្កុំថ្កើងទៅបាន ដោយមានសាមគ្គីភាពជាកម្លាំងស្នូលរួមគ្នា។
“ទាំងអស់គ្នាដើម្បីកម្ពុជា” 🇰🇭 ៕
ដោយ ៖ សិលា