ភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវងផ្កូវបាក់១កង់បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ការជើងខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែតុលា ឆ្នាំ២០២៤ នៅចំណុចស្តុបផ្សារទួលគោកស្ថិតនៅលើផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកអ្នកដំណើរពណ៌លឿងមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3D-8597បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងមកត្បូងដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឱ្យបាក់មួយកង់ ចំណែករថយន្តបង្កវិញបានក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះដែរអ្នកបើកបរក៏បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ