ភ្នំពេញ÷ កញ្ញា អឿម កក្កដា ជាអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាដែលកំពុងបន្តការសិក្សាថ្នាក់បណ្ឌិតនៅ Institut de santé des Plantes នៃទីក្រុង Montpellier និងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD)។ កញ្ញា កក្កដា ទទួលបានពានរង្វាន់សម្រាប់គម្រោងរបស់នាងស្តីពីការប្រើប្រាស់បាក់តេរីដែលមានប្រយោជន៍នៅក្នុងដំណាំស្រូវ ដើម្បីធ្វើជាថ្នាំកសិកម្មបង្ការ មេរោគបង្កជំងឺលើដំណាំមួយប្រភេទនេះ។
ការប្រើប្រាស់បាក់តេរីបែបនេះ អាចកាត់បន្ថយការពឹងផ្អែកទៅលើថ្នាំពុលសម្លាប់សត្វល្អិត ឬថ្នាំគីមីកសិកម្ម ដើម្បីបង្កើនទិន្នផលស្រូវ។ មិនតែប៉ុណ្ណោះការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់សុខភាពបែបនេះ អាចជួយបង្កើនការនាំចេញស្រូវទៅទីផ្សារអន្ដរជាតិ និងជម្រុញអោយមានការ ដាំដុះស្រូវប្រកបដោយនិរន្តភាពនៅកម្ពុជា។
ពានរង្វាន់នេះត្រូវបានប្រគល់ជូន កក្កដានិងអ្នកឈ្នះពានរង្វាន់ពីររូបទៀតមកពីអាមេរិកឡាទីន ការ៉ាអ៊ីប និងអាហ្វ្រិក កាលពីថ្ងៃទី០៧ ខែតុលា នៅទីក្រុងម៉ាកសី (Marseille) ក្នុងក្របខណ្ឌនៃការអបអរខួប៨០ឆ្នំានៃវិទ្យាស្ថាន IRD៕