ភ្នំពេញ ៖ ជំនួបទ្វេភាគីកម្ពុជា-លុចសំបួ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការពង្រឹងនិង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល ការបោសសម្អាតមីន សុខាភិបាល និងអប់រំ ជាដើម។
ក្រៅពីនេះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ក៏មានជំនួបសំណេះសំណាលក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់ និងអន្តរជាតិ រួមមាន លោក Yoon Suk-Yeol ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុប លោក Thongloun Sisoulith ប្រធានរដ្ឋ ឡាវ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រព្រុយណេដារូសាឡាម និងព្រះអង្គម្ចាស់ Abdul Mateen ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងឯកឧត្តម Antony J. Blinken រដ្ឋមន្ត្រីក្រសួងការ បរទេសសហរដ្ឋអាម៉េរិក។
ក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ! សម្តេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ច ប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ ដោយបានបង្ហាញពីសក្តានុពលវិនិយោគដ៏សំបូរបែបរបស់កម្ពុជា ដែលរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាតែងឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបណ្តាប្រទេស មានការអភិវឌ្ឍតិចតួច ក្នុងការទទួលបានការវិនិយោគពីបរទេស។ សម្តេចធិបតី ក៏បានបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងការធ្វើពិពិធកម្មទីផ្សារ និងកាលានុវត្តភាពការនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ អេមីរ៉ាត់ អារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយនឹងប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ពី សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន អូស្ត្រាលី នូវែលសេឡង់ ជប៉ុន ស្វីស និងកាណាដា ជាដើម។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យមានជំនួបសម្តែងការគួរសម រួមមាន ជំនួបជាមួយ Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ម៉ាឡេស៊ី ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងបាស៊ីហ្វិក លោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានធនាគារ Asian Infrastructuy លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចជាដើមក្នុងឱកាសរួមដំណើរជាមួយ សម្តេចធិបតី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះដែរ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ បណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន។ ក្នុងនោះ លោកជំទាវបណ្ឌិត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ ឡាវ ទស្សនាការតាំងពិព័រណ៌សូត្រ ទស្សនាកន្លែងតាំងពិព័រណ៌វាយនភណ្ឌឡាវ និងអញ្ជើញចូលរួមពិធីជប់លៀង អាហារថ្ងៃត្រង់រៀបចំដោយលោកជំទាវទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។
គួរកត់សម្គាល់ថា នេះជាដំណើរបេសកកម្មការងារនៅក្រៅប្រទេស លើកទី១៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ សម្តេចធិបតី ធ្លាប់បានបំពេញបេសកកម្មការទូតប្រកបដោយមហាជោគជ័យក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និង មជ្ឈិមបូព៌ា។ បេសកកម្មនៅប្រទេសឡាវរបស់ សម្តេចធិបតី នាពេលនេះ ក៏បាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើន បន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ និងក៏បានបង្ហាញពីភាពជាមេដឹកនាំដ៏ ប៉ិនប្រសប់ និងមានសមត្ថភាពខ្ពស់ដែលបាននិងកំពុងលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកតំបន់ និង អន្តរជាតិ។ សមត្ថភាពដឹកនាំដ៏លេចធ្លោទាំងនយោបាយក្នុងស្រុកនិងការទូតរបស់ សម្តេចធិបតី បាននាំមកនូវ សមិទ្ធផលធំធេងសម្រាប់ប្រទេសជាតិនិងប្រជាជន និងក៏ជាទឡីករណ៍ច្បាស់លាស់ក្នុងការបង្កើនជំនឿជឿជាក់ របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕
ដោយ ៖ សិលា