ភ្នំពេញ ៖ ក្នុងសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាស “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ – ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ សម្តេចថ្លែងថា ៖ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញ នូវគោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ ដើម្បីអនុវត្ត។
សម្តេចធិបតី បន្តថា ៖ រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និង បង្កើនភាពធន់នឹងគ្រោះមហន្តរាយ តាមរយៈការវិនិយោគជារួមទៅលើកំណើនសេដ្ឋកិច្ច សង្គមជាពហុវិស័យ ប្រកបដោយបរិយាប័ន្ន ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិ ក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ ជាមួយនឹងការវិនិយោគដោយឡែកផ្ទាល់ទៅលើវិស័យជួរមុខ ក្នុងការកសាងសមត្ថភាពឆ្លើយតប នៅគ្រប់កម្រិត ទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានយ៉ាងឆាប់រហ័សក្រោយគ្រោះ មហន្តរាយ រួមមាន៖ កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្ម បរិស្ថាន អប់រំ និងសេវាសង្គ្រោះ បន្ទាន់ សុខាភិបាល។ល។ ដែលក្នុងនោះ គ្រប់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ត្រូវធ្វើសកម្មភាពដោយមានការ សម្របសម្រួលរវាងក្រសួង ស្ថាប័ន រដ្ឋ ផ្នែកសាធារណៈ ឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ និង ពលរដ្ឋគ្រប់រូប តាមរយៈការរួមបញ្ចូលទៅក្នុងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន ការប្រកបវិជ្ជាជីវៈ និង ធុរកិច្ចនៅក្នុងវិស័យ នីមួយៗ ក្នុងស្មារតីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់នឹង គ្រោះមហន្តរាយនៅក្នុងបរិបទនៃកាលៈទេសៈ សមត្ថភាព និងដែនសមត្ថកិច្ចរៀងៗខ្លួន។
សម្តេចធិបតីបន្តថា ៖ យើងបានដឹងហើយថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡា ពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធ និងត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ បន្ថែមលើនេះ ការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ សប្បុរសជន នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន ដែលមែនត្រឹមតែជា កិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយនៃការវិនិយោគ ដែលពលរដ្ឋធ្វើឡើងជាមួយអាជ្ញាធរ ដើម្បីរួមគ្នាការពារសុខសុវត្ថិភាព និងសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិទាំងមូល។
ដើម្បីជំរុញឱ្យស្មារតីនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ក្លាយជាការពិតជាក់ស្តែង ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការអំពាវនាវដូចខាងក្រោម៖
១. បន្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាទប់ស្កាត់រាល់ ចេតនាបង្កចលាចលសង្គម ការញុះញង់ បង្កអស្ថេរភាព បំផ្លាញសន្តិភាព ក្នុងបំណងទាញសង្គមជាតិ ធ្លាក់ ចូលក្នុងភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីណាមួយ ដែលជា «គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យ ខ្លាច តាមរយៈល្បិចកលដ៏ខ្មៅកខ្វក់ របស់ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច និងបក្ខពួក ។
២. បង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយ ព័ត៌មានព្យាករណ៍ និងការ ប្រកាសឱ្យដឹងមុន និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។
៣. រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធ្វើការវិនិយោគ ពង្រីកមុខរបរ ដែលធន់ ដើម្បីរក្សាស្ថេរភាពជីវភាពរស់នៅ ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ-ឃុំមានសុវត្ថិភាព ក៏ ដូចជាការការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងនៅក្នុងសកម្មភាពឆ្លើយ តបគ្រោះមហន្តរាយនានា។
សម្តេចធិបតីលើកឡើងថា ៖ ខ្ញុំសូមក្រើនរំលឹកដល់ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងសម្រាប់រយៈពេលវែង ក៏ដូចជាក្នុងរដូវកាលចុងឆ្នាំ២០២៤ នេះ ដូចមាន ៖
១. ពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំឱ្យមាន ដំណើរការជាប្រក្រតី និងជាអចិន្ត្រៃយ៍ នៅក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ស្ថាប័ន និង ថ្នាក់ក្រោមជាតិ ពង្រឹង និងពង្រីកកងប្រតិបត្តិការរុករក និងសង្គ្រោះ និងរៀបចំកញ្ចប់ថវិកាប្រើប្រាស់នៅក្នុង ខ្ទង់ថវិកាក្នុងក្រសួង ស្ថាប័ន ដើម្បីធានាឱ្យមានធនធានមនុស្សសម្រាប់បំពេញការងារ មានមធ្យោបាយ សម្ភារៈ ថវិកាសម្រាប់ដំណើរការការងារ និងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។
២.
បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ នឹងត្រូវដោះស្រាយឱ្យបានទាន់ ពេលវេលា នៅក្នុងករណីកើតមានគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេស យកចិត្តទុកទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។
៣. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការតាមដានឱ្យជាប់ជាមួយគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការ សម្របសម្រួល និង ត្រៀមកម្លាំង មធ្យោបាយ អន្តរាគមន៍ សង្គ្រោះបន្ថែម។
៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងសម្ភារៈ បរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យ ប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយនានា ក្នុងករណីមានការស្នើសុំពីរាជធានី ខេត្ត។ ៥. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប្រចាំ អំពីអាកាសធាតុ ការព្យាករណ៍ ស្ថានភាពភ្លៀង និងកំពស់ទឹក និងត្រូវធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា។
៦. ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈ ចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ បង្កឱ្យមានការខូចខាតស្រូវ ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ ត្រូវជួយស្ដារឡើងវិញ។
៧. អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់ ពង្រឹងសមត្ថភាពកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់គ្រោះមហន្តរាយដែលកើតឡើង។
សម្តេចសង្ឃឹមថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ នឹងបន្តស្ថិតនៅជាស្មារតីនៃការចងចាំ អំពីអតីតកាលឈឺចាប់នៃគ្រោះមហន្តរាយបង្កដោយ មនុស្ស គឺ “សង្គ្រាម” ហើយយកការចងចាំនេះជាមេរៀន ដើម្បីការពារ និងថែរក្សានូវសុខសន្តិភាព ដែលជា គ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕
ដោយ ៖ សិលា