អ្នកឧកញ៉ា សុះ កំរុី រងការរិះគន់ បន្ទាប់ពីកូនប្រុសលោក បានចាប់រំលោភកុមារីជាសិស្សសាលាចំនួន ៦នាក់ក្នុងចំណោម១៨នាក់ នឹងឮថាយកលុយពីគ្រូបង្រៀន១ខែ១០ដុល្លារ ខណៈគ្រូមានប្រមាណ១០០០នាក់ !

ចែករំលែក៖

ភ្នំពេញ ៖ ការចោទសួរខាងលើនេះ បន្ទាប់ពីបែកធ្លាយព័ត៌មានកូនប្រុសអ្នកឧកញ៉ា សុះ កំរុី បានចាប់រំលោភកុមារីជាសិស្សសាលាចំនួន ៦នាក់ក្នុងចំណោម១៨នាក់ ។

សូមជម្រាបជូនថា ៖ ការបែកធ្លាយនេះ គឺក្រោយជនរងគ្រោះចុងក្រោយមានផ្ទៃពោះ ក៏ទម្លាយព័ត៌មាននេះប្រាប់ក្រុមគ្រួសារ ហើយតាមបណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបង្ហោះព្រោងព្រាត ។

តាមរយៈការផ្សាយនោះថា ៖ លោក សុះ ហៃម៉ី កូនប្រុសអ្នកឧកញ៉ា សុះ កំរុី មេដឹកនាំនៃគណៈជាន់ខ្ពស់សាសនាឥស្លាមនៅកម្ពុជា គឺជាអ្នកគ្រប់គ្រងសាលារៀននិងសិស្សភាគច្រើនជាកុមារីចំនួន ១៨នាក់ ហើយបុគ្គល សុះ ហ៊ៃម៉ី បានល្បួងក្មេងៗចូលបន្ទប់រួចចាប់រំលោភជាច្រើនឆ្នាំមកហើយ រហូតដល់ទៅ៦នាក់ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ក្រោយកើតហេតុឪពុកម្តាយជនរងគ្រោះជាច្រើននាក់ ដែលជាគ្រួសារក្រីក្រ និងមិនយល់ ដឹងខាងផ្នែកច្បាប់ ក៏ទៅប្តឹងលោក សុះ កំរុី តែអ្នកឧកញ៉ាសុះ កំរុី មិនត្រឹមតែមិនដោះស្រាយ ថែមទាំងគំរាមកំហែងក្រុមគ្រួសារជនរងគ្រោះនោះថែមទៀត ។

ក្នុងរឿងហេតុដែលកំពុងផ្អើលក្នុងជួរពលរដ្ឋខ្មែរឥស្លាមខាងលើនេះ ក្រុមអ្នកច្បាប់មួយចំនួនអាចសន្និដ្ឋានបឋមបានថា លោក សុះ កំរុី អាចជាប់ពាក់ព័ន្ធនឹងបទចោទសមគំនិត និងគំរាមកំហែង ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
ពាក់ព័ន្ធករណីនេះ អ្នកឧកញ៉ា សុះ កំរុី ក៏បានបកស្រាយបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា សូមជម្រាបជូនសាធារណៈជនជ្រាបថា៖ ខ្ញុំបានឃើញ ពាក្យចចាមអារ៉ាម និងការចែកចាយតាមបណ្តាញសង្គម អំពីករណី សិស្សនារីត្រូវបានរំលោភបំពាននៅសាលារៀនអាន់នៀកប៉ះភ្នំពេញ ដែលមានពាក់ព័ន្ធដល់កូនប្រុសរបស់ខ្ញុំឈ្មោះ សូហៃមី ជា អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ។
បន្ទាប់ពីបានទទួលដំណឹងនេះ ខ្ញុំបានសាកសួរកូនប្រុសរបស់ខ្ញុំ ជាច្រើនលើកដើម្បីរកការពិត ហើយគាត់បានបដិសេធថា គាត់ មិនបានប្រព្រឹត្តដូចពាក្យចចាមអារ៉ាមនោះទេ។
ខ្ញុំគាំទ្រក្នុងការរកការពិត ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ ។
ក្រោយមកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឃើញខាងសាលារៀនឥស្លាមកិរិត២ អាន់នៀកម៉ះបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ គណៈគ្រប់គ្រងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ មានកិត្តិយសូមជម្រាបជូនដល់ សាធារណជន និងអ្នកនិយមតាមដានតាមបណ្តាញសង្គមឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការ បង្ហោះ និងចែកចាយព័ត៌មានមិនពិតតាមបណ្តាញសង្គម អំពីការរំលោភកូនសិស្សចំនួន១៨នាក់ នៅ ក្នុងសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ។ ពាក់ព័ន្ធករណីនេះ គណៈគ្រប់គ្រងសាលារៀន ឥស្លាមកំរិត២ អាន់នៀកម៉ះភ្នំពេញ សូមបញ្ជាក់ជូនសាធារជនទាំងអស់ឱ្យបានជ្រាបថា៖

១) បុគ្គលិកឈ្មោះ កាមារ៉ូទីន ស៊ូហ៊ៃមី គឺជាអ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និង សុខភាពនៅអន្តេវាសិកដ្ឋានស្រី បានអនុវត្តន៍លើការងារគ្រប់គ្រង និងសណ្តាប់ធ្នាប់។

២)នារសៀលលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ សិស្សបានធ្វើការរាយការណ៍ទៅអ្នកគ្រូៗនៅ ការិយាល័យរដ្ឋបាលសាលារៀនឥស្លាមកំរិត២ អាន់នៀកម៉ះ ភ្នំពេញ ដោយបុគ្គល កាមារ៉ូទីន សូហ៊ៃមី បានប្រើប្រាស់ពាក្យសម្តី អកប្បកិរិយា និងកាយវិការមិនសមរម្យដល់សិស្សមួយចំនួន ក្នុងករណីនេះ សិស្សបានសំណូមពរឱ្យបញ្ចប់តួនាទីបុគ្គលខាងលើពីតួនាទីរបស់ខ្លួន ហើយភ្លាមៗនោះគណៈគ្រប់គ្រង សាលាបានប្រជុំសម្រេច និងដកតួនាទី កាមារ៉ូទីន សូហ៊ៃមី ចេញពីអ្នកគ្រប់គ្រងនៅអន្តេវាសិកដ្ឋានស្រី។

៣)ក្នុងចំណោមសិស្សទាំងអស់ពួកគេនៅតែបន្តធ្វើការរៀនសូត្រធម្មតា មានសិស្សមួយចំនួនតូច ប៉ុណ្ណោះសុំទៅលេងផ្ទះ ហើយបែជាមានក្រុមមនុស្សអូសទាញសិស្សខ្លះយកទៅបម្រើមហិច្ចតានយោបាយ ខ្លួន ហើយវាយប្រហារឥតសំចៃមកលើសាលាទាំងខុសរបៀប។

៤) គណៈគ្រប់គ្រងសាលាមានការសោកស្តាយ និងខកចិត្តជាខ្លាំង លើករណីដែលបានកើតឡើង ហើយក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតរកខុសត្រូវ និងផ្តល់យុត្តិធម៌ ដល់ភាគីទាំងពីរតាមផ្លូវច្បាប់ និងរកមុខជនឱកាសនិយមឆ្លៀតប្រើប្រាស់បណ្តាញសង្គមដើម្បីបំផ្លាញ កិត្តិយសបុគ្គល និងសាលារៀន និងសូមគោរពស្នើសុំអាជ្ញាធរមានសមត្ថកិច្ចមានវិធានការចំពោះអ្នក ដែលបង្កើតព័ត៌មានក្លែងបន្លំក្នុងចេតនាទុច្ចរិត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ហើយសូមមេត្តាកុំបន្តបង្ហោះចែក ចាយអត្ថបទ និងរូបភាពណាមួយដែលនាំឱ្យមានការយល់ច្រឡំនាំមកនូវអសន្តិសុខដល់សង្គមជាតិ។
ដោយឡែក លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងសំណួរថា ៖ បើមានសេចក្តីប្រកាសព័ត៌មានបែបនេះ ចុះខាងក្រសួងមហាផ្ទៃវិញ តើលោកបណ្ឌិតមានអ្វីលើកឡើងទៀតទេ?
លោកបានបញ្ជាក់យ៉ាងខ្លីតាមប្រព័ន្ធតេឡេក្រាមថា ៖ «សមត្ថកិច្ចធ្វើការងារតាមជំនាញ នីតិវិធី និងច្បាប់» ។

គ្រូៗខ្លះបានបង្ហើបថា ៖ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា បានតម្រូវឱ្យគ្រូប្រមាណជា១០០០នាក់ បង់ប្រាក់ក្នុងម្នាក់១០ដុល្លារសម្រាប់១ខែ គឺបង់ចូលសមាគម ដូច្នេះគ្រូៗប្រមាណជា១០០០នាក់ ឃើញថា ក្នុង១ឆ្នាំបង់ឱ្យសមាគម ជាង១០មុឺនដុល្លារឯណោះ ចំណុចគួរឱ្យមានការបកស្រាយប្រកបអំណះអំណាងច្បាស់លាស់ផងដែរ តើប្រាក់ទាំងចាំបាច់បម្រើឱ្យផលប្រយោជន៍រួមរបស់សមាគម ឬមួយយ៉ាងណា ? ពាក់ព័ន្ធករណីនេះ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាន ហើយឆាតសួរតាម ផេកដែរសរសេរថា «សូមគោរពជម្រាបសួរ អ្នកឧកញ៉ា 🙏 ខ្ញុំពីខាង អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគតវត្ត» សូមជម្រាបសួរផងថា , អ្នកឧកញ៉ាឱ្យគ្រូៗ ១០០០នាក់បង់ប្រាក់ចូលសមាគម ក្នុងម្នាក់១០ដុល្លារ ក្នុង១ខែ តើថវិកា ចាំបាច់យកទៅបម្រើឱ្យផ្នែកអ្វីក្នុងសមាគម ? ។ ភ្លាមៗគឺលោតតបដោយស្វ័យប្រវត្តិថា «Syukran for messaging us. We try to be as responsive as possible. We’ll get back to you soon, Or contact +855 88 222 2100 Jazakallahu Khairan…»។ បន្ទាប់មក អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានទូរសព្ទទៅកាន់លេខ 0882222100 អ្នកលើកបានឆ្លើយថា គាត់ជាបុគ្គលិកជុំវិញបញ្ហាខាងលើគាត់មិនហ៊ានបកស្រាយ ហើយចំពោះការស្នើសុំលេខទូរសព្ទ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ដើម្បីសុំការបកស្រាយដោយផ្ទាល់ពីគាត់ អ្នកកាន់ទូរសព្ទបាននិយាយថា ៖ មួយរយៈគាត់មិនឱ្យមានការផ្សព្វផ្សាយ អ្វីទេ ហើយលេខទូរសព្ទក៏គាត់ប្រាប់មិនអនុញ្ញាតឱ្យអ្នកណាដែរ ដោយករណី អ្នកឧកញ៉ាឱ្យគ្រូៗ ១០០០នាក់បង់ប្រាក់ចូលសមាគម ក្នុងម្នាក់១០ដុល្លារ ក្នុង១ខែ តើថវិកា ចាំបាច់យកទៅបម្រើឱ្យផ្នែកអ្វីក្នុងសមាគម ? អ្នកទូរសព្ទបន្តថា គាត់មិនដឹងរឿងហ្នឹងដែរ សូមអភ័យទោសផង ម្យ៉ាងទៀតគាត់មានសិទ្ធត្រឹមកាន់ផេកនិងលេខទូរសព្ទ សាលានឹងសមាគមប៉ុណ្ណោះដើម្បីរាយការណ៍ជូនទៅខាងរដ្ឋបាល ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print