ខេត្តត្បូងឃ្មុំ៖ ភ្លៀងមួយមេយ៉ាងធំ លាយឡំដោយខ្យល់កន្ត្រាក់បានបក់បោកមកលើស្រុកចំនួន២ គឺមានពញាក្រែក និងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ ។ បណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា៦០ខ្នងបានទទួលរងខូចខាតរបើកដំបូលបាក់សំយាបផ្ទះ ។ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។
នេះបើយោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតីប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី ១៤ខែតុលា ឆ្នាំ២០២៤ មានភ្លៀង១មេធំបានបង្អុលធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ មកលើភូមិដ្ឋានរបស់ប្រជាពលរដ្ឋក្នុងនោះរួមមាន. ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួនសរុប៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាល ចំនួន២៤ខ្នងផ្ទះស្ថិតនៅក្នុងភូមិមាន. ១.ភូមិអង្គលើ.២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង.០៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ.១២ខ្នងផ្ទះ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់ចុះមកនេះគឺពិតជាកម្រជួបប្រទះនាពេលកន្លងទៅដោយលាយឡំខ្យល់កន្ត្រាក់ខុសប្លែកពីធម្មតាគឺភ្លៀងប្រហែលមួយម៉ោងឯណោះ។បន្ទាប់ពីភ្លៀងរាំង មេភូមិបានរាយការណ៍ជូនរដ្ឋបាលមូលដ្ឋានឲ្យបានដឹងពីហេតុការណ៍ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ។
ចំណែកលោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឪ ប្រាប់ឲ្យដឹងដែរថាល្ងាចម្សិលមិញ ក៏មានខ្យល់កន្រ្តាក់ខូចខាតផ្ទះចំនួន ១២ខ្នងផ្ទះ និងសួនកីឡារបស់សាលារៀន ១រលំ២ខ្នងផ្ទះ និងរលំសួនកីឡាសាលារៀន១ខ្នង របើកដំបូល១០ខ្នងផ្ទះ ។
ក្រោយពីទទួលបានព័ត៌មាននេះពីលោកមេឃុំដំរិលរូបលោកបាននាំយកអំណោយកាកបាទក្រហមទៅចែកជូនដល់ពលរដ្ឋរងគ្រោះផងដែរ ជាមួយគ្នានោះអាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋដែលមានផ្ទះតូចមិនធានាសុវត្ថិភាពពេលដែលមានភ្លៀងធ្លាក់ត្រូវរកកន្លែងជ្រកកោននៅផ្ទះអ្នកជិតខាងជៀសវាងបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕
ដោយ៖ ជ្រោយពេជ្រ