ខេត្តកណ្ដាល៖ បុរសម្នាក់សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ បានលោតទឹកបញ្ចប់ជីវិតខ្លួនឯងក្នុងទន្លេ លុះមួយថ្ងៃក្រោយមកទើបរកសាកសពឃើញ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០២និង០០នាទី នៅចំណុចក្នុងទឹកទន្លេបាសាក់ ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុំ ធុច ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះហ៊ន ណៃសៀន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថាកន្លងមកជនរងគ្រោះត្រូវជាប្ដីតែងតែត្អូញត្អែរប្រាប់គាត់ថាក្នុងខ្លួនមានការចុកចាប់ឈឺពេញខ្លួនហើយតែងតែក្អកស្លេះនៅពេលយប់ជាប្រចាំ ហើយឈ្មោះធុច ស៊ូម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរក្នុងបន្ទុកត្រូវជាកូនបង្កើតមានជំងឺសរសៃប្រសាទតែងតែរករឿងមាត់ធំមាត់តូចដាក់គាត់ជារៀងរាល់ថ្ងៃទៀត ហើយជនរងគ្រោះចេះតែរអ៊ូរទាំប្រាប់គាត់ជាប្រពន្ធជារឿយៗថាជីវិតគាត់ប្រហែលជិតចប់ហើយ។ មកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទី ក្រោយពីហូបបាយជុំគ្នារួច ជនរងគ្រោះបានចូលសម្រាកជាមួយគាត់ជាប្រពន្ធដូចសព្វដង ហើយមកដល់ម៉ោង០២និង០០ឆ្លងចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤រូបគាត់ជាប្រពន្ធបានភ្ញាក់ពីដំណេកមិនឃើញជនរងគ្រោះជាប្ដីឃើញតែស្បែកជើងរបស់គាត់នៅក្នុងបន្ទប់គាត់ជាប្រពន្ធបានដាស់កូនៗរបស់គាត់ឱ្យជួយស្រែកហៅនិងដើរស្វែងរកឪពុកតែរកមិនឃើញ។ រូបគាត់ជាប្រពន្ធបានរាយការណ៍ប្រាប់ក្រុមគ្រួសារនិងសមត្ថកិច្ចថា ការបាត់ខ្លួនរបស់ប្ដីគាត់ប្រហែលជាគាត់លោតទឹកទន្លេបាសាក់សម្លាប់ខ្លួនហើយព្រោះផ្ទះគាត់នៅជាប់ច្រាំងទន្លេបាសាក់ស្រាប់រួមផ្សំនឹងការត្អូញត្អែររបស់គាត់កន្លងមករហូតមកដល់បច្ចុប្បន្នថាជីវិតគាត់ប្រហែលជិតចប់ហើយ។
លុះមកដល់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤វេលាម៉ោង១៣និង១៩នាទីក៏មានអ្នកបណ្ដែតមងនេសាទត្រីរាយការណ៍ប្រាប់សមត្ថកិច្ចថាបានប្រទះឃើញសពអណ្ដែតទឹកក្នុងទន្លេបាសាក់ត្រើយខាងកើតស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ រួចសមត្ថកិច្ចក៏បានជូនដំណឹងមកក្រុមគ្រួសារជនរងគ្រោះទើបដឹងថាសពរូបនោះពិតជាជនរងគ្រោះដែលបានបាត់ខ្លួនដូចការរៀបរាប់របស់ប្រពន្ធជនរងគ្រោះខាងលើប្រាកដមែន។
ការសន្និដ្ឋាន យោងតាមការពិនិត្យរបស់លោកគ្រូពេទ្យនិងជំនាញ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ