ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KIM Jin-Pyo (គីម ជីនផ្យូ) ប្រធានស្ថាប័នសិក្សាផ្នែកនវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សាដល់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា» ក្រោមកិច្ចសហការដោយ គ្លូប៊លធូហ្គេតដឺ ណុងហឹប ថេជូខេស៊ី ក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ នៅសាលមហោស្រពនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។
លោក ហេង សួរ បានថ្លែងថា វគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានាពេលនេះ ពិតជាឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយដ៏មានសារៈសំខាន់របស់រាជ រដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងគោលដៅចម្បងជំរុញកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ ជាពិសេសនោះ គឺជាការអនុវត្តតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសិស្សត្រូវរៀន “ឲ្យចប់ ឲ្យចេះ ឲ្យមានការងារ”។
លោករដ្ឋមន្ត្រី បង្ហាញជំនឿចិត្តមុតមាំថា សមិទ្ធផលនៃកិច្ចសហការរវាងក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងការបណ្តុះ បណ្តាលបច្ចេកទេសយានយន្តកន្លងមក រួមនិងវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានេះ នឹងដើរតួនាទីជាចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សមត្ថភាពការងារទៅនឹងការវិវត្តបច្ចេកទេសយានយន្តឲ្យកាន់តែមានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារពលកម្មទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ទន្ទឹមនេះរដ្ឋមន្ត្រលើក ទឹកចិត្តបង្កើនកិច្ចសហការបន្ថែមទៀតក្នុងការរៀប ចំឲ្យមានវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សាសម្រាប់សិស្សនិស្សិតតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង ក៏ដូចជាផ្តល់ឱកាសហាត់ការ ចុះកម្មសិក្សា និងឱកាសការងារជូនដល់សិស្សនិស្សិត ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។
បន្ថែមពីនេះលោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំង ១០០នាក់ដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវប្រកាន់នូវភាពម៉ឺងម៉ាត់ មោះមុតក្នុងពេលហាត់ការ និងចុះកម្មសិក្សា ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួន និងខិតខំប្រឹងប្រែងយ៉ាងណាឲ្យទទួលបានចំណាប់អារម្មណ៍,ការវាយតម្លៃល្អពីក្រុមហ៊ុន និងអាចទទួលបានការងារធ្វើក្រោយពេលបញ្ចប់កម្មសិក្សា៕
ដោយ៖ សុរិយា