គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក អង្គ វង្ស វឌ្ឍានា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និង មិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ប្រទេសចិន ៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ លោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ បានអញ្ជើញដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុង ឱកាស នោះ លោក អង្គ វង្ស វឌ្ឍានា បានជួបពិភាក្សាការងារជាមួយ លោក ស៊ែវ ជៀ (Xiao Jie) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ ភាគីទាំងពីរបានឆ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុត នៃសភាប្រទេសទាំងពីរ ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែស៊ីជម្រៅ និងធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

ក្នុងថ្ងៃដដែល គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ លោក យ៉ាង ស៊ែវ ឆាវ (Yang Xiaochao) ប្រធានគណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ជួបពិភាក្សាការងារជាមួយតុលាការកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងបានជួបពិក្សាការងារជាមួយក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរ និងចែករំលែកនូវបទពិសោធនៃការអនុវត្តការងារក្នុងវិស័យច្បាប់ តុលាការ និងការរៀបចំសេចក្តីព្រាងច្បាប់ ដាក់ជូនរដ្ឋសភាអនុម័តដើម្បីការដឹកនាំគ្រប់គ្រងប្រទេសរៀងៗខ្លួន។

បន្ទាប់ពីទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នឹងបន្តដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅសភាតំណាងប្រជាជនចិននៅខេត្តសានស៊ី(Shanxi) និងសភាតំណាងប្រជាជនចិនខេត្តក្វាងទុង(Guangdong)៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print