រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១២ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១២ឆ្នាំ ក្រោមអធិបតី លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមផងដែរពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ បានថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងបានធ្វើការគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដោយបានសង្រួមកាយ វាចា ចិត្ត ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះអង្គ សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់មក ក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសដល់វិញ្ញាក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាកដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលផងដែរ។

ថ្លែងក្នុងពិធីនេះ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្ត ដ៏ឧត្តុង្គឧត្តមជាច្រើនមិនអាចកាត់ថ្លៃបាន ក្នុងការដឹកនាំជាតិ ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ។

លោក នូ សាខន ក៏បានឧទ្ទិសសូមឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយតាងនាមថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា។

គួររំលឹកដែរថា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គតដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យ នាក្រុងប៉េកាំង ប្រទេសចិន។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឱ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្តខ្មែរ និងមន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ៕

...

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print