ជាច្រើនលើកកន្លងមកអ៊ុយក្រែនបានស្នើដល់បណ្តាប្រទេសចាប់ខ្លួនលោកពូទីន តាម ដីការរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ។ ប៉ុន្តែប្រទេសជាច្រើនបានបដិសេធបើទោះបីជាសមាជិករបស់តុលាការអន្តរជាតិនេះក្តី។
រដ្ឋអាជ្ញាកំពូលរបស់អ៊ុយក្រែន បាននិយាយថារូបលោកទទួលបានព័ត៌មានសម្ងាត់បញ្ជាក់ថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល នៅខែក្រោយនេះ ហើយបានអំពាវនាវឱ្យអាជ្ញាធរប្រេស៊ីលអនុវត្តដីកាចាប់ខ្លួនមេដឹកនាំរុស្ស៉ីរូបនេះ ប្រសិនបើលោកពិតជាបង្ហាញវត្តមាននៅប្រេស៊ីល មែននោះ។
តុលាការអន្តរជាតិ ICC មានមូលដ្ឋានក្នុងទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមីនា ឆ្នាំ២០២៣ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដោយបង្ខំបណ្ដេញកុមារអ៊ុយក្រែនទៅរុស្ស៉ី។ រុស្ស៉ីបានច្រានចោលការចោទប្រកាន់បែបនេះ និងចាត់ទុកដីការបស់ ICC ជារឿងឥតប្រយោជន៍។ ដោយឡែក នៅពេលត្រូវបាន សាកសួរថាតើលោក ពូទីន អាចនឹងចូលរួមកិច្ចប្រជុំកំពូល G20 ដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ទី១៤ ខែតុលាថា «នៅពេលមានការសម្រេចចិត្ត យើងនឹងប្រាប់ឱ្យអ្នកទាំងអស់គ្នាបានដឹង»។
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថាវាជារឿងសំខាន់ណាស់សម្រាប់សហគមន៍អន្តរជាតិ ដើម្បីរួបរួមគ្នា និងត្រូវឱ្យ លោក ពូទីន ទទួលខុសត្រូវ។ បើតាមលោក Kostin លោកផ្ទាល់ទទួលបានព័ត៌មានសម្ងាត់ថាលោក ពូទីន អាចនឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល នៅខែក្រោយនេះ ហើយលោកក៏បានបញ្ជាក់ឡើងវិញដែរថាវាជាកាតព្វកិច្ចរបស់អាជ្ញាធរប្រេស៊ីល ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាទីក្រុងរ៉ូម ក្នុងការចាប់ខ្លួនលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះហ៊ានធ្វើទស្សនកិច្ចទៅកាន់ប្រេស៊ីល។
ប្រេស៊ីល បានផ្ញើលិខិតអញ្ជើញជាផ្លូវការទៅកាន់លោក ពូទីន សម្រាប់កិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ក្នុងទីក្រុង Rio de Janeiro។ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបថាតើលោក ពូទីន មានគម្រោងចូលរួមកិច្ចប្រជុំនេះដែរ ឬក៏យ៉ាងណានៅឡើយទេ៕
រូបថត:AP