ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១៨៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤២៤គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១៥៦គ្រឿង និងម៉ូតូ ២៦៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨០គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៧០គ្រឿង និងម៉ូតូ ២០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៣,០៩៥គ្រឿង, រថយន្តធំ ៦៣គ្រឿង, រថយន្តតូច ១,២៩៣គ្រឿង, ម៉ូតូ ១,៧៣៩គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,១៩២គ្រឿង, រថយន្តធំ ៣៥គ្រឿង, រថយន្តតូច ៨៤៨គ្រឿង និងម៉ូតូ ១,៣០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា