គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ (AIPA45) នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ 

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការ អញ្ជើញជាផ្លូវការរបស់ លោក សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA45) សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ក្រោម មូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN” ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដើម្បីពង្រឹងការទូតសភា និងកិច្ចសហ ប្រតិបត្តការអន្តរជាតិក្នុងតំបន់ ក្នុងគោលបំណងពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាព រួមនិង ការអភិវឌ្ឍប្រកបដោយចីរភាព។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់ និងការរីកចម្រើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” មានគោលបំណងបង្កើតនូវវេទិកាសភាពិភាក្សា ផ្លាស់ប្តូរបទពិសោធនិងឧត្តមានុភាពសភា នៅក្នុងការជំរុញសមាហរណកម្មតំបន់ និងការតភ្ជាប់។ កិច្ចប្រជុំ នឹងពិភាក្សាបន្ថែមទៀតអំពីតួនាទីរបស់សភាក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងការសម្រេចបាននូវ គោលដៅរបស់ខ្លួន ជាពិសេសឆ្លុះបញ្ចាំងពីគោលបំណងស្នូលនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៃមហាសន្និបាត សម្តេចរដ្ឋសភាធិការធិបតី និងសមាជិកគណៈប្រតិភូ នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំមួយចំនួន ជាអាទិ៍៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំសមាជិកសភាស្ត្រីអោយប៉ា កិច្ចប្រជុំពេញអង្គ, កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា, កិច្ចប្រជុំគណៈកម្មាធិការនយោបាយ, កិច្ចប្រជុំ គណៈកម្មាធិការសេដ្ឋកិច្ច, កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច, កិច្ចប្រជុំគណៈកម្មាធិការរៀបចំ, កិច្ចប្រជុំ គណៈកម្មាធិការព្រាងសេចក្តីសម្រេច, កិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍អោយប៉ាចំនួន២៣ប្រទេស និងកិច្ចពិភាក្សារវាងអគ្គលេខាធិការអាយប៉ា និងអាស៊ានជាដើម។
នៅក្នុងឱកាសនេះដែរ សម្តេចមហារដ្ឋសភាធិការធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកា អ្នកដឹកនាំនយោបាយស្ត្រីវាយប៉ា (WAIPA) ក្រោមប្រធានបទពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំ របស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគតប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា និងផ្តល់បទអន្តរាគមន៍នៅក្នុងសម័យប្រជុំពេញអង្គលើកទី១នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៥ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” និងគ្រោងជួបពិភាក្សាការងារត្រីភាគីក្នុងពេលទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋសភានៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រថៃ ព្រមទាំងចូលរួមនៅក្នុងកម្មវិធីនានាដែលបានរៀបចំជូនដោយភាគីម្ចាស់ផ្ទះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print