អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៤ មានរថយន្តជិត៣៨ម៉ឺនគ្រឿងបានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ គិតត្រឹមរយៈពេល៦ខែឆ្នាំ២០២៤(ចាប់ពីខេមករា-ខែមិថុនា)មានរថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)បានចំនួន ២២៨.៥៥៨គ្រឿង ខណៈដែលរយៈពេល៩ខែឆ្នាំ២០២៤(ចាប់ពីខែមករា-ខែកញ្ញា)មានរថយន្តមកឆៀកបានចំនួន ៣៧០.៧៣៤គ្រឿង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសជាឱឡារិកម្តងរួចមកហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពីការមិនកំណត់ ឬរឹតត្បិតការនាំចូលរថយន្តដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)ឱ្យបានត្រឹមត្រូវ និងតាមកាលកំណត់។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមក្រសួងបច្ចេកទេសលើកិច្ចការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)បានបង្ហាញយន្តការ និងការប្តេជ្ញាចិត្តខ្ពស់ទាំងក្របខណ្ឌនយោបាយ និងបច្ចេកទេស លើប្រសាសន៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ប៉េង ពោធិ៍នា តែងបានប្រកាសអំពាវនាវដល់ម្ចាស់រថយន្ត សូមមកទទួលយកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)ឱ្យបានទៀងទាត់ តាមការកំណត់ ទាំងនៅមណ្ឌលសេវាកម្មឆៀកអចិន្ត្រៃយ៍ ឬចល័ត។
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះធ្វើឡើងអនុលោមតាម៖
– ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
– ប្រកាសលេខ ១៧០ ប្រក.សក.ដជគ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ
– ប្រកាស២៣៤ ប្រក.សក.ដជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។
• ម្ចាស់យាន ឬអ្នកប្រើប្រាស់យានមានកាតព្វកិច្ចយកយានរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។
• គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។
• លតាបត្រ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ប្រភេទយាននីមួយៗមានសុពលភាពដូចខាងក្រោម៖
– រថយន្តថ្មីប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP)ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ៤(បួន)ឆ្នាំ
– រថយន្តចាស់ប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP)ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ២(ពីរ)ឆ្នាំ
– រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២(ពីរ)ឆ្នាំ
– រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព១(មួយ)ឆ្នាំ
– សឺមីរ៉ឺម៉ក រ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព២(ពីរ)ឆ្នាំ
– សឺមីរ៉ឺម៉កចាស់ រ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១(មួយ)ឆ្នាំ។
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមការកំណត់ ផ្តល់អត្ថប្រយោជន៍៖
– ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត
– កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
– រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន
– ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិការតិចក្នុងការជួសជុល
– ការពារបរិស្ថាន(អនុវត្តតាមវិធានការគ្រប់គ្រងទៅលើការបំពុលខ្យល់ពីយានយន្ត)
– បន្ថែមលើនេះសម្រាប់ការអនុវត្តរបស់សមត្ថកិច្ចនៅលើដងផ្លូវ(នគរបាលចរាចរណ៍) គាត់នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដើម្បីជំរុញឱ្យនគរបាលចរាចរណ៍ធ្វើយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជាភ្លៀងរលឹម និងស្នើសុំកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ឃាត់ទុកនូវរថយន្តដែលកែច្នៃដំឡើងដោយគ្មានការអនុញ្ញាត និងមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ជាធរមាន។

...

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ យើងមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)កំពុងដំណើរការចំនួន ២២ទីតាំង គឺនៅរាជធានីភ្នំពេញចំនួន ៨ទីតាំង នៅតាមបណ្តាខេត្តចំនួន ១៤ទីតាំង រួមទាំងម៉ាស៊ីឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាដល់ខេត្តចំនួន៩ ដែលគ្មានមណ្ឌលឆៀករួមមាន៖ ត្បូងឃ្មុំ, មណ្ឌលគិរី, ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និងព្រែវែង។
ការដាក់ឆៀកចល័ត មានគោលបំណងបង្ខិតសេវាសាធារណៈឱ្យបានជិតប្រជាពលរដ្ឋ និងជួយសម្រួលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជូនប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្តដែលពុំមានមណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print