ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ សូមប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជន ក្រុមប្រឆាំងនិរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមួលបង្កាច់ថា ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី។
ក្រសួងមហាផ្ទៃ ចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការ ភ័ន្តច្រឡំក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងមហាផ្ទៃក្តី អតីតថ្នាក់ដឹកនាំ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបច្ចុប្បន្នក្តី តែងតែចងចាំនិងតម្កល់យ៉ាងខ្ពស់នូវគុណូបការៈរបស់សម្តេចតេជោ និងក្រុមគ្រួសារសម្តេច ដែលស្ទើរពេញមួយជីវិតរបស់ លោកបានលះបង់គ្រប់យ៉ាងសូម្បីតែជីវិត ដើម្បីប្រទេសជាតិ និងប្រជាជន។
សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវវិធានការក្តៅគគុកប្រឆាំងគ្រឿងញៀន រហូតបង្កើត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមកដល់បច្ចុប្បន្ន សម្តេចធិបតី ក្នុងនាមនាយករដ្ឋមន្ត្រី បានបន្តពង្រឹងយន្តការ ចាស់ ដាក់ចេញយុទ្ធសាស្ត្រថ្មី ដោយបានចាត់តាំងឧបនាយករដ្ឋមន្ត្រីចំនួន៤រូបដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលមាន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធាន។
ក្នុងនោះ ក្រសួងមហាផ្ទៃ មាន ឯកឧត្តមអភិសន្តិបណ្ឌិត ជាអនុប្រធានផងដែរ ដែលលោកតែងតែមានមោទកភាព និងក្តីស្ញប់ស្ញែងក្រៃលែងចំពោះសុច្ឆន្ទៈ និងសកម្មភាពដឹកនាំបញ្ជាប្រកបដោយភាពស្វាហាប់ម៉ឺងម៉ាត់អង់អាចច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានយ៉ាងមានប្រសិទ្ធភាព ពោលគឺមិនដូចការប្រឌិតមួលបង្កាច់ របស់គណនី Dara Khan ដោយឥតអៀនខ្មាសនោះឡើយ។
ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា តាមគោលការណ៍ច្បាប់ ខ្លឹមសារមួលបង្កាច់ញុះញង់អុចអាលរបស់ជន និរទេសខ្លួននៅប្រទេសអឺរ៉ុបនេះ មានធាតុផ្សំគ្រប់គ្រាន់ជាបទល្មើសដែលតុលាការអាចចាត់នីតិវិធីបាន។ លើសពីនេះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវកំណត់សាវតាជាតិជននេះបញ្ចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារួចរាល់ផងដែរ។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ សូមអំពាវនាវសាធារណជន កុំជឿ កុំយល់ច្រឡំ និងកុំចែករំលែកបន្តនូវការ ផ្សព្វផ្សាយខ្លឹមសារមួលបង្កាច់ភូតកុហុកអុចអាលគ្មានប្រយោជន៍ទាំងឡាយដូចករណីនេះជាដើម ដើម្បីរួមគ្នាប្រយុទ្ធ ប្រឆាំងនិន្នាការនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមនិងបុគ្គលអគតិមួយចំនួន និងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕ដោយ៖តារា