គណៈប្រតិភូគណៈកម្មការទី៨ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយបណ្ឌិត ឈុន ស៊ីរុន លេខាធិការ តំណាងឱ្យគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយឯកលោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោល នយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

បណ្ឌិត ឈុន ស៊ីរុន បានលើកឡើងពីការតាមដានការ អនុវត្តច្បាប់ និងលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ឱ្យស្រប តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ ២០៣០ និងឆ្នាំ២០៥០។ 

ក្នុងឱកាសនោះដែរ សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា អាជ្ញាធរខេត្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់នៅក្នុងខេត្ត ពិសេសលើវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុករួមមាន វិស័យសុខាភិបាលត្រូវបានពង្រឹងសមត្ថភាពបុគ្គលិកពេទ្យតាមមណ្ឌលសុខភាព មន្ទីរ ពេទ្យឱ្យមានជំនាញ និងចូលរួមផ្សព្វផ្សាយ ទប់ស្កាត់​ និងលើកប៉ាណូពីបញ្ហាគ្រោះថ្នាក់នៃជំងឺមិនឆ្លងតាមទីប្រជុំជន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ចំណែកឯវិស័យសង្គមកិច្ច បានបើកប្រាក់គោលនយោ បាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសមាគមន៍ព្រមទាំងជួយឱ្យមជ្ឈមណ្ឌលមនុស្សចាស់មានដំណើរការជាបន្តបន្ទាប់។ 

វិស័យការងារបានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញ និងនៅសាលាពហុបច្ចេកទេស ព្រមទាំងផ្សព្វ ផ្សាយពីសារៈប្រយោជន៍ដល់សហគមន៍។ បេឡារបបសន្តិសុខសង្គមត្រូវបានផ្សព្វផ្សាយពីអត្ថប្រយោជន៍ការប្រើប្រាស់បណ្ណ ប.ស.ស ដល់កម្មករ កម្មការិនី និងបុគ្គលស្វ័យនិយោត ព្រមទាំងវិស័យកិច្ចការនារីត្រូវបានពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីក្រីក្រ ស្ត្រីមេម៉ាយគ្មានទីពឹងនិងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនផ្នែកបន្ថែមទៀត ដើម្បីឱ្យមានជំនាញនិងទទួលបានប្រាក់ខែច្រើន។

លោកសរ សុពុត្រា បានលើកយកបញ្ហាប្រឈមជាច្រើន ដែលខេត្តបានជួបប្រទះនាពេលកន្លងទៅនៅតាមមន្ទីរនិមួយៗ ដោយកង្វះខាតមន្ត្រី និងពង្រឹងសមត្ថភាពមន្ត្រីនៅមានកម្រិត ខ្វះគ្រឿងបរិក្ខា និងសម្ភារៈផ្សេងៗ ព្រម ទាំងព្យាយាមជួយបងប្អូនជនជាតិភាគតិចយល់ដឹងពីវេជ្ជសាស្ត្រ និងបញ្ហាផ្សេងៗ ដែលពួកគាត់ជួបប្រទះនាពេលកន្លងមក។

លោកបណ្ឌិត ស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិច និងបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិន ឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាពនិងមន្ទីរ ពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនៅតាមភូមិឃុំឱ្យមកចូលរៀននៅសាលបណ្ដុះបណ្ដាល ពហុបច្ចេកទេសខេត្តឱ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់។ 

ក្នុងឱកាសនោះដែរលោកបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្តផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print