យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានបានផ្សាយនៅថ្ងៃសុក្រទី១៨ខែតុលាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅកូរ៉េខាងត្បូងថា “ជាប្រទេសបរទេស និងជាប្រទេសអរិភាពជាក់ស្តែង” នៅពេលដែលគាត់បានលើកឡើងពីទំនាក់ទំនងអន្តរកូរ៉េ។
លោក គីម ជុងអ៊ុន ក៏បានអំពាវនាវផងដែរ ឱ្យពង្រឹងសមត្ថភាពប្រយុទ្ធ ក្នុងអំឡុងពេលត្រួតពិនិត្យទីបញ្ជាការកងពលលេខ២ នៃកងទ័ពប្រជាជនកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍។ KCNA បានផ្សាយថា ការធ្វើដំណើរនេះគឺមានគោលបំណងលើកទឹកចិត្តដល់មន្ត្រីនិងទាហាន “ដែលបានការពារទឹកដីនៃប្រទេសរបស់យើងយ៉ាងរឹងមាំ តែងតែរក្សាស្ថានភាពនៃការត្រៀមខ្លួនប្រយុទ្ធខ្ពស់នៅសមរភូមិមុខក្បែរព្រំដែន” ។
KCNA បានផ្សយថា មេដឹកនាំកូរ៉េខាងជើងបានរំលឹកកងកម្លាំងប្រដាប់អាវុធអំពី “ការពិតអាក្រាតដែលថាកូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) គឺជាប្រទេសបរទេសនិងជាប្រទេសអរិភាព”។
ដោយរំលឹកថា ប្រទេសកូរ៉េខាងជើងបានបិទផ្លូវថ្នល់និងផ្លូវដែកទាំងស្រុងទៅកាន់ទឹកដីកូរ៉េខាងត្បូងជាមួយនឹងការផ្ទុះបំផ្លាញកាលពីពីរថ្ងៃមុន លោក Kim បាននិយាយថា ទង្វើនេះមិនត្រឹមតែមានន័យថាជាការបិទផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និង “លុបបំបាត់ទាំងស្រុងនូវការយល់ឃើញដែលគ្មានប្រយោជន៍របស់ជនរួមជាតិផងដែរ និងគំនិតមិនសមហេតុផលនៃការបង្រួបបង្រួម” នេះបើយោងតាមរបាយការណ៍របស់ KCNA ។
KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ថា “នៅពេលដែលអធិបតេយ្យភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវបានរំលោភបំពានដោយកូរ៉េខាងត្បូង ដែលជាប្រទេសអរិភាព យើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំង ដោយមិនមានការអនុលោមតាមលក្ខខណ្ឌណាមួយឡើយ”៕ ដោយធីរីណា
រូបថត: KCNA