ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលអធិការដ្ឋានស្រុកគងពិសី បានចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាសង្ស័យ០៨នាក់ រួមនឹងដកហូតបានវត្ថុតាងជាគ្រឿងញៀន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដោយមានកិច្ចសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ នៅចំណុចភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី កម្លាំងផ្នែកគ្រឿងញៀនស្រុកគងពិសី ស្រាវជ្រាវនិងបង្រ្កាបមុខសញ្ញាសង្ស័យពាក់ព័ន្ធការរក្សាទុកនូវសារធាតុញៀនសរុបចំនួន០៨នាក់ស្រី០១នាក់ មានដូចខាងក្រោម៖
*១/ឈ្មោះ ហេង សុខម៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រឿល ស្រុកសំរោងទង
*២/ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដែកភ្លើង ឃុំរលាំងគ្រឿល ស្រុកសំរោងទង
*៣/ឈ្មោះ ស៊ុន សាវ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង
*៤/ឈ្មោះ ឆន នាង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី
*៥/ឈ្មោះ ឈួន ចិន្តា ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី
*៦/ឈ្មោះ នី សំណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី
*៧/ឈ្មោះ តូច ទន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី
*៨/ឈ្មោះ ដា ស្រីនីត ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសាលា ឃុំរលាំងគ្រឿល ស្រុកសំរោងទង ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការត្រួតពិនិត្យឆែកឆេររកឃើញមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ , ទូរស័ព្ទដៃ ០៤គ្រឿង, ម៉ូតូ ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន ។
ចំពោះមុខសញ្ញាសង្ស័យ០៨នាក់ វត្ថុតាងសង្ស័យជាសារធាតុញៀន សម្ភារៈមួយចំនួនទៀត បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីកសាងសំណុំរឿងនិងបន្ដនីតិវិធី៕
ដោយ៖តារា