ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា​ បង្ហាញពីចំណាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ កាលពី​រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាកិច្ចចាប់ផ្ដើម លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លោកបានបង្ហាញអំពីមោទនភាពដែលប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត​ ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី នឹងអាចចូលរួមចំណែកសាងសង់ក្នុងគម្រោងណាមួយនាពេលខាងមុខផងដែរ។

មានប្រសាសន៍លើកឡើងនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាដែលមានកម្លាំងពលកម្មវ័យក្មេង ហើយការបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតសោត មិនមែនបម្រើតែទីផ្សារប្រជាជនចំនួន ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែបម្រើឱ្យទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គដែលមានប្រជាជនរហូតដល់ទៅ ៣៣០លាននាក់។

ដើម្បីជំរុញឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអនុវត្តស្របតាមអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលនឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគ។ បន្ថែមពីនេះផងដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីផែនការនៃដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួនបន្ថែមទៀតនៅមុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ព័ត៌មានអំពីសក្តានុពលរបស់កម្ពុជាទៅកាន់វិនិយោគិនអន្តរជាតិបានកាន់តែទូលាយ។

...

ជាមួយគ្នានេះ ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមជូនលោកឯកអគ្គរដ្ឋទូត​ អំពីផែនការអភិវឌ្ឍន៍មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ ដែលបើកឱកាសជូនវិនិយោគិនពីគ្រប់បណ្ដាប្រទេសអាចពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print