ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានករណីភ្ជង់គំរាម និងវាយយកម៉ូតូដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលាថ្មីៗនេះ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដោយចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្ដបន្ទាប់។
ក្នុងប្រតិបត្តិការការនេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការគ្នារវាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។
ប្រភពដដែលបន្តថា ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាំងពីវេលាកើតហេតុ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ នៅភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រួចបន្ដចាប់ម្នាក់ទៀត នៅជិតវិទ្យាល័យបាក់ទូក សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ជនសង្ស័យទាំង៣នាក់រួមមាន៖ ឈ្មោះ ហេង ដារ៉ុង ហៅខ្មៅណាហ្គា អាយុ១៩ឆ្នាំ, ឈ្មោះ អេង វណ្ណូត អាយុ២៨ឆ្នាំ និងឈ្មោះ យ៉ឹម សុវណ្ណ អាយុ១៨ឆ្នាំ។ ក្នុងនោះសមត្ថកិច្ចជំនាញដកហូតបាន ទូរស័ព្ទដៃ ១គ្រឿង ម៉ាកOPPOពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ), កាំភ្លើងខ្លីប្រើហ្គាស១ដើម ម៉ាក BERETTA ពណ៌ខ្មៅ, បង់១ (ឧបករណ៍ធ្វើសកម្មភាព), ម៉ូតូ១គ្រឿង ម៉ាក Suzuki Smash ពណ៌ក្រហម ពាក់ផ្លាកលេខរដ្ឋ20 1-0964 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន១ថង់តូច, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ១គ្រឿង ម៉ាក HUAWEI ពណ៌ក្រហម។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបង្ហាញមុខជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់ដេីម្បីបន្តនីតិវិធី៕ដោយ៖តារា