ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ ត្រូវបានខូចខាត បន្ទាប់ពីនារីម្នាក់បើករថយន្ត ឆេវ រ៉ូឡេត កាមារូ១គ្រឿងសុខៗស្រាប់តែផ្ទុះកង់រថយន្ដរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅមហាវិថីព្រះមុនីរ៉េត សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ ដែលមានម៉ាក់ ឆេវ រ៉ូឡេត កាមារូ ពណ៌ក្រហម ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BO-7571 បើកបរដោយនារីម្នាក់ តាមបណ្តោយវិថីព្រះមុនីរ៉េត ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្រាប់ផ្ទុះកង់រថយន្ដខាងឆ្វេង រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង បណ្ដាលរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងដាច់កាឡេ មិនអាចបន្តទៅមុខបានចំណែករបាំងថ្មពុះចែកទ្រូងផ្លូវត្រូវបានខូចខាតចំនួន២កង់។ សំណាងល្អក្នុងហេតុការណ៍ខាងលើនេះគ្មានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ