សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត ៥ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖
-សម្តេចធិបតី នៅតែថ្លែងបញ្ជាក់ពីតម្លៃនៃសន្តិភាព ដែលត្រូវរួមគ្នាថែរក្សា ហើយសម្តេចបញ្ជាក់ថា សង្គ្រាមអត់ស្គាល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមទេ ឬអ្នកសារព័ត៌មាននោះទេ ។

-សម្តេចធិបតី ថ្លែងថា វឌ្ឍនភាពការងារយុវជន បានផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍ​កាក​បាទក្រហមកម្ពុជា ហើយការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ក៏បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ។

-សម្តេចធិបតី​ ថ្លែងថា​ សង្គ្រាមមិនត្រឹមតែសម្លាប់មនុស្សដោយផ្ទាល់ទេ ប៉ុន្តែនៅតែបន្តសម្លាប់មនុស្សដោយសារការបន្សល់ទុកនូវគ្រាប់មីន ក្នុងដីដែលសម្លាប់មនុស្សជាបន្តបន្ទាប់ ។

-សម្តេចធិបតី ថ្លែងថា សង្គ្រាម និងការបែកបាក់របស់សមាគមជាតិទៅជាក្រុម បានធ្វើឱ្យអាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៤។

-សម្តេចធិបតី​ ថ្លែងថា​ តម្លៃពិតប្រាកដនៃកាកបាទក្រហមកម្ពុជា នៅត្រង់ការឱ្យតម្លៃពីប្រជាពលរដ្ឋ ការដែលគាត់អាចទុកចិត្តបាន ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយគ្មានការរើសអើង ។

-សម្តេចធិបតី ថ្លែង​ផ្តាំផ្ញើឱ្យយុវជនជិត៥០០០នាក់ ដែលបំពាក់កន្សែងកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះ កំណត់តម្លៃរបស់ខ្លួន តាមរយៈការធ្វើនូវអំពើល្អ អាស្រ័យលើទង្វើរបស់មនុស្សជាសមាជិកម្នាក់ៗ ។

-សម្តេចធិបតី​ ថ្លែង​ផ្តាំផ្ញើយុវជនរួមគ្នា លើកតម្កើងតម្លៃវប្បធម៌ទាំងអស់គ្នា តាមរយៈការអប់រំផ្សព្វផ្សាយ ដោយកុំចាំតែអង្គុុយរិះគន់គ្នា ហើយយុវជនត្រូវបានទស្សនវិជ្ជមាន ដោយរួមគ្នាផ្សព្វផ្សាយ គាំទ្រ លើស្ទួយគ្នាឯងជាស្មារតីជាតិនិយម ។

-សម្តេចធិបតី ថ្លែងថា កាកបាទក្រហមកម្ពុជានៅក្នុងប្រទេស ដែលមានបុព្វការីជន នៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បានចាប់ផ្តើមប្រតិបត្តិការមនុស្សធម៌ឡើងវិញក្នុងស្ថានភាព សង្គម សេដ្ឋកិច្ចមួយដ៏សែនលំបាកបំផុត។

សម្ដេចធិបតី​ បញ្ជាក់ថា​ ដើម្បីជួយប្រជាជនកម្ពុជារួចរស់ពីរបប ប៉ុល ពត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត ព្រមទាំងបានតស៊ូអភិវឌ្ឍន៍ខ្លួនរហូតសម្រេច​បានមកវិញ​នូវឋានៈស្របច្បាប់ជាសមាគមជាតិមានតែមួយ​គត់​នៅក្នុងប្រទេសឡើងវិញ យកចិត្តទុកដាក់បំពេញតួនាទីទៅតាមច្បាប់ជាតិ/ច្បាប់អន្តរជាតិ ថាជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

-សម្តេចធិបតី ថ្លែងថា នយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ បានផ្ដល់ដល់កាក​បាទក្រហកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នឱ្យបាន រឹងមាំជាជំហានៗ ចាកចេញពីការ​ពឹងផ្អែកលើជំនួយពីអន្តរជាតិ សមាគមជាតិមួយ ដែលមានភាពចាស់ និងម្ចាស់ការបានស្ទើរ​តែទាំងស្រុង​ខាងធនធានហិរញ្ញវត្ថុ និងអាចមានឱកាសបានចូលរួមជួយ ដល់សមាគមជាតិមួយចំនួន ដែលរងគ្រោះ​ដោយ​មហន្តរាយធម្មជាតិផងដែរ។

-សម្តេចធិបតី ថ្លែងថា សង្គ្រាមមិនរើសមនុស្ស មិនរើសជាតិសាសន៍ និងបំផ្លាញឱកាសរបស់មនុស្ស។

-សម្តេចធិបតី ថ្លែងថា សង្គ្រាមមិនស្គាល់ឡើយអ្នកស្ម័គ្រចិត្ត គ្រាប់កាំភ្លើងមិនស្គាល់ឡើយកាកបាទក្រហម។

-សម្តេចធិបតី ថ្លែងថា សង្គ្រាមមិនត្រឹមសម្លាប់មនុស្សកំលុងពេលមានសង្គ្រាមនោះទេ សង្គ្រាមបញ្ចប់ហើយក៏បន្តនៅយាយីជីវិតមនុស្សតាមរយៈគ្រាប់មីន ដូចជាករណីកម្ពុជា។​ សម្តេចធិបតី បន្ត​ថា កម្ពុជា នៅសល់ផ្ទៃដីមានមីនជាង ៧០០គីឡូម៉ែត្រក្រឡា។

-សម្តេចធិបតី​ ថ្លែង​អំពាវនាវដល់យុវជនកាកបាទក្រហម បន្តពង្រឹង និងពង្រីកនូវ​វប្បធម៌​ចែករំលែក ពង្រឹងសកម្មភាព មិត្ត-អប់រំ-មិត្ដ និង មិត្ត-ជួយ-មិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយ កំពុងសិក្សានៅក្នុងគ្រឹះស្ថាន​សិក្សា​ជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print