ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញជាទូទៅពីការផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់ និងសកលលោក។
-ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកៈ ការប្រើប្រាស់យានយន្តអគ្គិសនីនឹងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជា
ប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។ យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែន
អុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។ ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីនឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ២,៨លាននាក់ នៅឆ្នាំ២០៥០។ តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។
-សន្តិសុខថាមពល: ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ។ដោយហេតុថាកម្ពុជាជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនិងបណ្តាប្រទេសក្នុងតំបន់ ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជាតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជាខ្ពស់។ បន្ថែមលើនេះ អស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ។
-ការសន្សំសំចៃ: ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬ ខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ ទៅ ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី។ ជាក់ស្ដែង នៅក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកាប្រមាណ៩ ៦៣៣រៀល ចំណែកឯការប្រើប្រាស់យានយន្តបើប្រាស់ប្រេងឥន្ធនៈត្រូវចាយថវិការហូតដល់៣៥ ៧២៣រៀល។
-ការឈោងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ: បណ្ដាប្រទេសក្នុងតំបន់និងសកលលោកកំពុងផ្ដោតការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ខ្លួន។
បញ្ជាក់៖ រាជរដ្ឋាភិបាលបានផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ប្រជាជនក្នុងការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ៕ដោយ៖តារា