ឯកឧត្តម ឃួង ស្រេង ៖ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជា ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ ក្នុងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងអោយបានគ្រប់ជ្រុងជ្រោយពីសុខទុក្ខនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយនាំគ្នាដោះស្រាយជូនពួកគាត់ បើដោះស្រាយអស់ពីលទ្ធភាពឬគ្មានលទ្ធភាពដោះស្រាយ ត្រូវតែសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមន៍ទាំងខ្លួនឯងមិនទាន់បានអនុវត្តផងនោះទេ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីបានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺដើម្បី ពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រេចការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្ដមបានបន្ដថា៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើឡើងរៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដែលមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញតិ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានានៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងតំណាងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ស្ថាប័នមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធនានា។
ឯកឧត្ដមបញ្ជាក់ថា៖ វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ រៀបចំឡើងដើម្បីបូកសរុបវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងសំណើ សំណូមពរនានាពីថ្នាក់សង្កាត់ទាំង១០៥ និងថ្នាក់ខណ្ឌទាំង១៤ ឈានទៅបូកសរុបរបាយការណ៍អំពីលទ្ធផលនៃវេទិកាថ្នាក់រាជធានី ដាក់ជូន គ.ជ.អ.ប ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា មុននឹងដាក់ស្នើបញ្ហាប្រឈមដែលនៅសេសសល់ទៅក្នុងវេទិការវាងរាជរដ្ឋាភិបាលនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យ ពិភាក្សា និងដោះស្រាយរួម។
ឯកឧត្ដម ម៉ប់ សារិន បានបន្តទៀតថា៖ វេទិកានៅថ្នាក់រាជធានីភ្នំពេញ នឹងផ្តោតទៅលើខ្លឹមសារសំខាន់ៗ លើការដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមកដូចជា រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ មុខងារជាអាណត្តិ និងមុខងារដែលបានផ្ទេររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានមនុស្សរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់។
សូមបញ្ជាក់ថា៖ ក្នុងវេទិកានេះ ក៏មានបទអន្តរាគមន៍របស់រដ្ឋបាលខណ្ឌនិងសង្កាត់ជាបន្តបន្ទាប់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន,ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់,ការផ្តល់សេវារដ្ឋបាល,ការដោះស្រាយវិវាទមូលដ្ឋាន,ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍,ការផ្តល់សេវាតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅច្រកចេញចូលតែមួយ,រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌនិងការគ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម ៕

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print