ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរឱ្យកាន់តែរុងរឿងថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែរុងរឿងថែមទៀត តាមរយៈការជំរុញឱ្យមានការផ្សព្វផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំទូលាយ និងមានការជំរុញហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន។

ក្នុងពិធីបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចមហាបវរធិបតី» នៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនបានហាម ការកែច្នៃ ការប្រឌិត តែត្រូវយកឱកាសនេះដើម្បីចងក្រង និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ ខណៈមានចាស់ព្រឹទ្ធាចារ្យ លោកគ្រូក្បាច់គុនខ្មែរជាច្រើនរូបបានបើកក្លិបបង្ហាត់គុនខ្មែរនៅបរទេស ដូច្នេះសូមជំរុញលើកទឹកចិត្តឱ្យបន្តការ បង្ហាត់ក្បាច់គុនខ្មែរនៅបរទេសបន្ថែមទៀត។

សម្តេចធិបតី ថា ៖ យើងមិនហាមនៅក្នុងការកែច្នៃ ឆ្នៃប្រឌិតនោះទេប៉ុន្តែយើងក៏ត្រូវយកឱកាសនេះ ដើម្បីចងក្រងនិងផ្សព្វផ្សាយអត្តសញ្ញាណជាតិយើងក្បាច់គុនយើង លោកគ្រូក្រមាមាស កន្សែងមាស ហើយមានលោកគ្រូមកពីអាមេរិកលោកគ្រូរី គាត់បើកក្លឹបនៅអាមេរិក ជនជាតិអាមេរិកហាត់ក្បាច់គុនល្បុកតោនៅក្រៅប្រទេស សូមជំរុញ ហ្វឹកហាត់តទៅទៀត។ ខ្ញុំចង់ឱ្យយើងមានក្លឹបថ្ងៃមុនពិភាក្សាចង់បង្កើតក្លឹបមួយក្នុងប្រទេសខ្មែរ តែបរទេសមកហាត់នៅហ្នឹងក៏បាន។ យើងមានវប្បធម៌ អរិយៈធម៌ ត្រូវជំរុញផ្សព្វផ្សាយបន្ត តែចាប់ផ្តើមពីខ្មែរយើងមុនគេ ផ្សព្វផ្សាយទូទាំងប្រទេស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា សម្រាប់ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ឆ្នាំក្រោយ នឹងមានក្បាច់គុនជាច្រើនប្រភេទថែមទៀតចូលរួម រួមទាំងក្បាច់គុនចំបាប់ផងដែរ ដើម្បីបង្ហាញនូវក្បាច់គុនបុរានខ្មែរឱ្យកូនខ្មែរបានដឹងនិងស្គាល់ រួមគ្នាក្នុងអភិរក្សបន្តទៀត។

សម្តេចធិបតីក៏បានជំរុញបង្កើនការផ្សព្វផ្សាយ និងហ្វឹកហាត់ក្បាច់គុនខ្មែរបុរាណឱ្យបានច្រើន  ដើម្បីលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ” និងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print