ខេត្តមណ្ឌលគិរី៖ សត្វព្រៃជាច្រើន ប្រភេទដែលមានទម្ងន់សរុបជាង១០០គីឡូក្រាមត្រូវបានកម្លាំងបរិស្ថានដែនជម្រកស្រែពកបង្ក្រាបបានកាលពីចុងសប្តាហ៍នេះ ដោយឃាត់ខ្លួនបានជនល្មើសចំនួន២នាក់។
តាមមន្ត្រីដែនជម្រកសត្វព្រៃស្រែពកឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែសីហា ខណៈ កម្លាំងកំពុងល្បាតក៏បានប្រភេទឃើញរថយន្តកាម៉ារីគូថស្វិតមួយគ្រឿងដែលមានមនុស្ស៣នាក់នៅក្នុងនោះ។ ដោយមានការសង្ស័យកម្លាំងក៏បានស្ទាក់ឃាត់សួរនាំ និង ឆែកឆេរ រួចក៏រកឃើញមានសត្វព្រៃនៅរថយន្តតែម្តង។
ជនសង្ស័យទាំង៣នាក់ ម្នាក់ត្រូវបានដោះលែងវិញដោយសារតែមិនទាន់គ្រប់អាយុ ដោយឡែក២នាក់ទៀតគឺជាបងប្អូន បង្កើតនឹងគ្នា ទី១.ឈ្មោះ សម្បត្តិ វុទ្ធថា និងទី២.ឈ្មោះ សម្បត្តិ វុទ្ធី។ រីឯសត្វព្រៃ នៅក្នុងរថយន្តនោះមានសត្វត្រកួតចំនួន៤០ក្បាល, ស្វា១ក្បាល, ពពឹច១, ពស់វែក ៦ក្បាល និងអណ្ដើក៨ក្បាល។
លោក ខៀវ ប៊ុនធឿន បានឲ្យដឹងថា សត្វពស់ អណ្តើក និងត្រកួតដែលត្រូវរក ឃើញនោះត្រូវបានយកទៅលែងចូលទៅក្នុងព្រៃដែនការពារដើម្បីឲ្យសត្វព្រៃដ៏កម្រទាំងនោះរស់តាមធម្មជាតិទៅវិញ។ ដោយឡែកជនល្មើសត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ ហេង នរិន្ទ្រ