ភ្នំពេញ៖ អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ កាលពីថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៦ បានផ្ញើរបាយការណ៍សង្ខេបមួយច្បាប់ជូនសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រយោជន៍ឲ្យធ្វើអន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាល ករណីបទល្មើសព្រៃឈើនៅតំបន់អភិរក្ស ស្ថិតនៅជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រ ខេត្តកោះកុង, ពោធិ៍សាត់, កំពង់ស្ពឺ និងកំពង់ឆ្នាំង ។
នៅក្នុងលិខិតគោរពជូនសម្តេចប្រធានរដ្ឋសភា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីអង្គការប្រឆាំងអំពើពុករលួយ បានទទួលបណ្តឹងពីប្រជាពលរដ្ឋថា ក្នុងតំបន់អភិរក្សជួរភ្នំក្រវាញ មានសកម្មភាពកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តតាកែវ និងខេត្តកំពត ។
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅតំបន់ភ្នំឱរ៉ាល់ ចំណុចស្រែកិន១ ដែលជាកន្លែងមន្ត្រីឧទ្យានុរក្ស បរិស្ថានដាក់ប៉ុស្តិ៍ប្រចាំការ ដែលមានឈ្មោះ កង ញឹប ជាប្រធានក្រុមល្បាត ក្រុមអង្គការខាងលើនេះបានសហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបង្ក្រាបឈើបាន១៤ម៉ែត្រគូប ។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ក្រុមអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានចុះទៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រកឃើញឈើប្រណិត១៤៥ដុំ ស្មើនឹង៣០ម៉ែត្រគូប ដែលឈ្មួញលាក់ទុកនៅក្បែរស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ អង្គការបានសហការជាមួយស្ថាប័នព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ និងរដ្ឋបាលព្រៃឈើចុះចាប់ឈើប្រណិត២៥ម៉ែត្រគូប នៅភូមិព្រៃមាន ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាឈើដែលគេដឹកចេញពីខេត្តពោធិ៍សាត់ តាមចំណុចអូរត្រាវ ដែលមានប៉ុស្តិ៍មន្ត្រីឱទ្យានុរក្សបរិស្ថានក្រុមលោក ឃុំ ឡេង នៅទីនោះ ។ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក៏មានប៉ុស្តិ៍មន្ត្រីឧទ្យានុរក្សបរិស្ថានរបស់ឈ្មោះនួន ចក់ ជាប្រធានក្រុមល្បាត ស្ថិតនៅក្នុងឃុំត្រពាំងជោ ។ ចំណែកនៅឃុំតាសាល មានទីតាំងមន្ត្រីឧទ្យានុរក្សដាក់ប៉ុស្តិ៍ចំនួន៤កន្លែង ទី១នៅភូមិ សំរោង ទី២ នៅចំណុចតេទឹកពុះ ទី៣នៅចំណុចខ្សាល់ និងទី៤ នៅចំណុចភូមិតាំងពុង ដែលទាំង៤ចំណុចនេះ គ្រប់គ្រងដោយឈ្មោះ ខន សុខុន និងហី ចាន់ ។ រីឯនាយកដែនជម្រកគ្រប់គ្រងដោយលោក យ៉ង ភារម្យ ។
ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ រថយន្តដឹកឈើប្រណិតដែលមានម្ចាស់ឈ្មោះ ជឿង ថេង មន្ត្រីបម្រើការងារនៅការិយាល័យទី២ ភូមិភាគទី៣បានដឹកឈើបណ្តាលឲ្យបាក់ស្ពានបាឡេមួយនៅភូមិជ័យសេនា ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។
បើទោះបីជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ មានប្រសាសន៍កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិអន្លង់ជ្រៃ ឃុំ៨មុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបញ្ជាឲ្យមន្ត្រីឧទ្យានុរក្ស បរិស្ថានសហការជាមួយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីទប់ស្កាត់បទល្មើសក៏ដោយ ក៏មន្ត្រីបរិស្ថានមិនព្រមសហការបង្ក្រាបនោះដែរ ។
បច្ចុប្បន្នបទល្មើសព្រៃឈើ នៅតែបន្តរងការយារយីនៅតំបន់ភ្នំដោះក្រមុំ, នៅចម្លងសៀម, ឆែរៀប, ភ្នំខ្នងសា, ភ្នំខ្នងក្រពើ, ភ្នំខ្នងស្រល ជាប់ព្រំប្រទល់ខេត្តកោះកុង និងកំពង់ស្ពឺ ជាពិសេសនៅចំណុចច្រោះច្រងាំជ្រុ, ភ្នំម៉ាងក្រលៀង, អូរល្ហុង, អូរទឹកក្រហម ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ននេះ ក្នុងតំបន់ការពារ នៅតែមានម៉ាស៊ីនត្រង់សីណ័រ ម៉ាស៊ីរ៉ៃ គោយន្ត រទេះគោ ក្របីចូលទៅធ្វើសកម្មភាពក្នុងតំបន់អភិរក្សដោយពុំមានការថយចុះនោះទេ បើទោះបីជារាជរដ្ឋាភិបាលប្រកាសបិទការនាំឈើចេញទៅក្រៅប្រទេសក៏ដោយ ។
នៅតំបន់នីមួយៗ រួមមានមន្ត្រីឧទ្យានុរក្សបរិស្ថាន, មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត តែហាក់ដូចជាពុំមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពទេ ដែលជាហេតុធ្វើឲ្យព្រៃឈើនៅតំបន់អភិរក្ស នៅតែរងការកាប់បំផ្លាញជាបន្តបន្ទាប់ ៕
ដោយ៖ ហេង សូរិយា