ភ្នំពេញ៖ ជនសង្ស័យពីរនាក់បានជិះម៉ូតូម៉ាកស៊ុយសាគីនិចមួយគ្រឿងមកធ្វើសកម្មភាពដើរលួចពងមាន់ដឹកតាមរថយន្តអស់ល័ក្ខម្ចាស់ឃើញទាន់ក៏ជិះម៉ូតូប្រដេញពីក្រោយប្រផាត់ប្រភីងធ្វើឲ្យជនសង្ស័យភ័យផ្ដួលម៉ូតូចោលរត់គេចខ្លួនចូលទៅក្នុងភូមិបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌ កាលពីវេលាម៉ោង ៥:៣០នាទីល្ងាចត្រូវនឹងថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២៤ ចំណុចមុខផ្សារដើមគរស្ថិតនៅលើផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមសម្ដីបុរសម្នាក់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់តែងតែបើករថយន្តដឹកពងមាន់ចេញពីក្រុមហ៊ុន ដេីម្បីទៅដាក់ឲ្យម៉ូយជារៀងរាល់ថ្ងៃ ខណះពេលដឹកយកមកដល់កន្លែងម៉ូយម្តងៗតែងតែបាត់ពងមាន់ពីក្នុងរថយន្ត អស់ជាច្រើនដុំបើគិតជាលុយជាង១០មុឺនរៀល ។ លុះមកដល់វេលាកើតហេតុខាងលើ រូបគាត់បានបើករថយន្តដឹកពងមាន់ចេញពីក្រុមហ៊ុនយកទៅដាក់ឲ្យម៉ូយម្តងទៀត រួចក៏ធ្វើដំណើរកាត់តាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងមកត្បូង ខណះរូបគាត់បានរៀបចំគំរោងទុកជាមុនដោយមានបុគ្គលិករួមការងារម្នាក់ជិះម៉ូតូតាមមើលពីក្រោយ ពេលបើករថយន្តមកដល់ចំនុចកើតហេតុមុខផ្សារដើមគរក្បែនិងស្ពានអាកាសថ្មើជើងស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាក ស៊ុយសារគីនិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1BO-8286 ឌុបគ្នាធ្វើដំណើរមកពីក្រោយម្នាក់បើកម៉ូតូនិងម្នាក់ជាជនដៃដល់ ចុះទៅលួចយកពងមាន់ពីលើរថយន្តបម្រុងនិងជិះរត់គេចខ្លួន ក៏ត្រូវបានបុគ្គលិកជិះម៉ូតូពីក្រោយឃើញក៏ប្រដេញពីក្រោយប្រផាត់ប្រភីងធ្វើឲ្យជនសង្ស័យភ័យផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនចូលទៅក្នុងភូមិបាត់ស្រមោល។
ក្រោយមកក៏ភាគីម្ចាស់រថយន្តដឹកពងមាន់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុ ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកម៉ូតូជនសង្ស័យខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន ចំណែកឯជនសង្ស័យទាំង២នាក់សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់ ៕