ខេត្តមណ្ឌលគិរី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ខេត្តមណ្ឌលគិរីជាខេត្តសំបូរធនធានធម្មជាតិមានសក្តានុពលនៅមានច្រើន ប៉ុន្តែមិនអាចធ្វើអ្វីបានទេ បើគ្មានលទ្ធភាពបានន័យថា គ្មានកត្តាអំណោយផលដែលយើងអាចធ្វើបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ កត្តាអំណោយផលនោះមានអ្វីខ្លះ? ដែលយើងនិយាយ នោះគឺក្រោយនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមដែលធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីការបែកបាក់ទឹកដី ក្នុងរយះពេល៥០០ឆ្នាំ ទទួលឯកភាពជាតិពេញលេញនៅឆ្នាំ១៩៨៩ ដែលជាឱកាសសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិរបស់យើង។ ប៉ុន្តែលក្ខខណ្ឌដែលអាចធ្វើទៅបាន គឺត្រូវធានា ការពារ សុខសន្តិភាព និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី។
សម្ដេចធិបតីលើកឡើងថា ៖ កត្តាសន្តិភាពនៅតែជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ៖ រយៈពេល៥០០ឆ្នាំមកនេះ ប្រទេសកម្ពុជា ទើបអាចរកបាននូវសន្ដិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក្រោមការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ហើយដើម្បីឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងអាចរក្សាសន្ដិភាពបានសម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្រ្ដត្រីកោណ យុទ្ធសាស្រ្ដចតុកោណ និងខិតខំរក្សាសន្ដិភាពរហូតប្រទេសមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ៕
ដោយ ៖ សិលា