សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ”

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ តុលា ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ” ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖
-សម្ដេចធិបតី​ ថ្លែងថា​ កត្តាសន្តិភាពនៅតែជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង។

-សម្ដេចធិបតី ថ្លែងថា​ រយៈពេល៥០០ឆ្នាំមកនេះ ប្រទេសកម្ពុជា ទើបអាចរកបាននូវសន្ដិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក្រោមការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ហើយដើម្បីឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងអាចរក្សាសន្ដិភាពបានសម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្រ្ដត្រីកោណ យុទ្ធសាស្រ្ដចតុកោណ និងខិតខំរក្សាសន្ដិភាពរហូតប្រទេសមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។

-ជាថ្មីម្ដងទៀត នៅចំពោះមុខប្រជាពលរដ្ឋខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កិច្ចសហប្រតិបត្តិការ CLV មិនមែនជាគម្រោងដើម្បីកាត់ទឹកដីឱ្យប្រទេសជិតខាងឡើយ។ ផ្ទុយទៅវិញ រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ ខេត្តភាគឦសានរបស់កម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើន។

-សម្ដេចធិបតី ថ្លែងថា​ ទោះបីជាកម្ពុជា ដកខ្លួនចេញកិច្ចសហប្រតិបត្តិការ CLV ក៏ដោយ តែក្រុមនិន្នាការប្រឆាំងនៅក្រៅប្រទេស នៅតែបន្តឃោសនាញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ។

-សម្ដេចធិបតី ប្រកាសថា រដ្ឋាភិបាល មិនដែលមានគំនិតលក់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបរទេសឡើយ។

-សម្ដេចធិបតី ថ្លែង​ថា ការអុចអាលរឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នឹងក្លាយជាការបែកបាក់ផ្ទៃក្នុងជាតិ បង្កើតការភាន់ច្រឡំរវាងខ្មែរ និងខ្មែរ។

-សម្ដេចធិបតី ថ្លែងថា​ ការដាក់តំបន់អភិវឌ្ឍន៍ក្នុងក្របខណ្ឌត្រីកោណCLV គឺជាការដាក់ដើម្បីអភិវឌ្ឍន៍ប្រទេស ជំរុញការអនុវត្តនៅតំបន់ភូមិភាគ​ឦសាន្ត មិនមែនដាក់តំបន់អភិវឌ្ឍន៍នេះ ដើម្បីកាត់ខេត្តឲ្យប្រទេសណាមួយនោះឡើយ។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ឡើងវិញថា រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ។​ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេងចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ។

-សម្ដេចធិបតី បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ដែលបំភ្លៃការពិត ញុះញង់ពលរដ្ឋពាក់ព័ន្ធនឹងកិច្ចសហប្របត្តិការអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម ឈានទៅបង្កើតចលនាផ្ដួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ខណៈកិច្ចសហប្រតិបត្តិការនេះ ពេលឯកភាពនៅក្នុងរដ្ឋសភាពួកគេក៏មានវត្តមានក្នុងនោះដែរ។

-សម្ដេចធិបតី ថ្លែង​ថា ការបំផុសរឿង CLV-DTA គឺអាចបំផុសឱ្យខ្មែរបែកបាក់ផ្ទៃក្នុង ដែលនេះ គឺជាចេតនាដ៏អាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ខណៈដែលកម្ពុជាខិតខំយ៉ាងលំបាក ដើម្បីស្វែងរកសន្ដិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

-សម្ដេចធិបតី ថ្លែងថា ផ្លែផ្កានៃសន្តិភាពបច្ចុប្បន្ន គឺបានមកដោយសារការពលីជីវិតរបស់បងប្អូនកងទ័ព និងវីរជនស្នេហាជាតិជាច្រើនរូប ដូច្នេះយើងរួមគ្នាការពារសន្តិភាពនេះ ឲ្យបានកុំឲ្យបាត់បង់ ដោយសារការញុះញង់របស់ជនអគតិមួយចំនួនតូចនោះ។

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលបាន នឹងកំពុងដាក់ចេញនូវគោលនយោបាយទឹកជាច្រើនកន្លែងនៅទូទាំងប្រទេស ដើម្បីឈានទៅការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ស្រោចស្រពឱ្យបានគ្រប់គ្រាន់។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅស្គាល់ខេត្តភូមិភាគឦសាន សូមអញ្ជើញទៅទស្សនា ស្វែងយល់ខេត្តភាគឦសានកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងការតភ្ជាប់ខេត្តដែលរាជរដ្ឋាភិបាលបានធ្វើ។

-សម្ដេចធិបតី ថ្លែង​ថា ទឹកគឺជាធនធានដ៏សំខាន់សម្រាប់មនុស្ស ក្នុងន័យនេះ ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់នៅក្នុងសង្គម ដូច្នេះសមិទ្ធផលទំនប់អាងទឹកថ្មីនេះនឹងចូលរួមលើកកម្ពស់ផ្គត់ផ្គង់ធនធានទឹកដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី។

-សម្ដេចធិបតី ប្រកាស​ណែនាំធ្វើការសិក្សាដើម្បីសាងសង់ស្ពានបាឡេ ជូនប្រជាពលរដ្ឋចំនួន២ភូមិ ស្ថិតនៅក្នុងស្រុកលំផាត់ ដែលមានប្រជាពលរដ្ឋកំពុងរស់នៅជិតមួយម៉ឺននាក់ ខណៈបច្ចុប្បន្នមានការលំបាកឆ្លងទឹកទៅមក។

-សម្ដេចធិបតី ថ្លែង​បញ្ជាឱ្យអាជ្ញាធរខេត្ត និងសមត្ថកិច្ច ត្រូវស្រាវជ្រាវរកមេខ្យល់ដែលបំផុសបំផុលពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់ នៅខេត្តមណ្ឌលគិរី។

...

សូមជម្រាបថា​ ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់​ពហុ​វិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែ​តុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារ​អាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print