ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វេីការបង្ហាញមុខជាសាធារណៈនូវជនសង្ស័យចំនួន ២នាក់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលនោះក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន ០២គ្រឿង មានគ្នាចំនួន ០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិចិន) កំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញនាយកដ្ឋាន បានធ្វេីការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចកេីតហេតុ និងបន្តប្រដេញឃាត់បានជនសង្ស័យបាន០១នាក់ទៀត នៅចំណុចភូមិចំរេីនផល ផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រួមមាន ៖
១.ឈ្មោះ មាន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកបន្លែផ្សារដេីមគរ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់)។
២.ឈ្មោះ ជុំ ផារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកបិទគូទ)។
សម្ភារៈដកហូតមាន ៖
១. ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IZ-4412(របស់ជនសង្ស័យ)។
២. ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AL-2359(របស់ជនសង្ស័យ)។
៣. ទូរស័ព្ទដៃម៉ាក OPPO ACE2 ពណ៌សខ្មៅ (របស់បុរសរងគ្រោះជាជនជាតិចិន)។
ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូនបុរសរងគ្រោះវិញ។
បច្ចុប្បន្នកម្លាំងជំនាញត្រៀមបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់នេះ រួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា