ខេត្តបន្ទាយមានជ័យ៖ មានអំពើហិង្សាមួយបានបង្កឡើងដោយជនដៃដល់ ជាសមត្ថកិច្ចបានចូលទៅវាយជនរងគ្រោះនៅក្នុងក្លិបកម្សាន្ត The Touch Down Night Original Noise ទល់មុខនឹងកាស៊ីណូ ហ្គ្រេនទីង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ ស្រៀន ចាន់តារា ហៅអាត ភេទប្រុស អាយុជិត៣០ឆ្នាំ ជាសមត្ថកិច្ច នៅក្រុងប៉ោយប៉ែត ។ ដោយឡែក ជនរងគ្រោះ មានឈ្មោះ ហុង សីហា ភេទប្រុស ជាប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតដូចគ្នា ។ មុនពេលកើតហេតុ ជនរងគ្រោះ បានទៅចូលរាំលេងកម្សាន្តជាមួយនឹងមនុស្សជាច្រើនទៀតនៅក្នុងក្លិបឌីស្កូថេក The Touch Down Night Original Noise ទល់មុខកាស៊ីណូ ហ្គ្រេនទីង ។ លុះដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ក៏មានវត្តមានជនបង្កឈ្មោះ ស្រៀង ចាន់តារា ហៅ អាត បានចូលទៅវាយជនរងគ្រោះចំនួន២ដៃទាំងកម្រោល បណ្តាលឲ្យផ្កាប់មុខដួលសន្លប់របួសធ្ងន់ ។ ក្រោយពីធ្វើសកម្មភាពរួច ជនបង្ក បានដើរចេញពីកន្លែងកើតហេតុ ទាំងសមត្ថកិច្ច និងសន្តិសុខមិនហ៊ានឃាត់ខ្លួនជនបង្ក បន្ទាប់ពីដឹងថា រូបគេជាសមត្ថកិច្ចនៅទីនោះ ។
សមត្ថកិច្ចបានអះអាងថា បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ក្នុងនោះទាមទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ និងសំណូមពរឲ្យតុលាការ ផ្តន្ទាទោសជនបង្កទៅតាមនីតិវិធី ៕
ដោយ៖ វណ្ណា