ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា” ។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី ថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់ សម្ភារៈ សាលារៀន ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការអប់រំនៅកម្ពុជាដែលបានចូលរួមពង្រឹងវិស័យអប់រំ និង ធនធានមនុស្សនៅកម្ពុជា។ សមិទ្ធផលទាំងនេះគឺបង្ហាញនូវការរឹតចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន។
-សម្ដេចអធិបតី ថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូកិច្ចសន្យាទាំងអស់ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមបណ្ដុះធនធានមនុស្សដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។
-សម្ដេចធិបតី ថ្លែងថា សម្ពោធសមិទ្ធផលថ្ងៃនេះស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេស អាទិភាពធំរបស់យើងគឺមនុស្ស។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ មុំទី១ នៃយុទ្ធសាស្ត្រគឺការអភិវឌ្ឍមូលធនមនុស្ស និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងគោលនយោបាយការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនរុញទៅដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា និងទទួលបានការបណ្ដុះបណ្ដាលព័ត៌មានបច្ចេកវិទ្យាទំនើបៗនាយុគ្គសម័យបច្ចុប្បន្ននេះ។
-សម្ដេចធិបតី ថ្លែងផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំណែទម្រង់វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងនូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា។
-សម្ដេចធិបតី ថ្លែងថា សន្តិភាពគឺជាកត្តាសំខាន់ សម្រាប់កសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធដូច្នេះរួមគ្នាចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីបន្តកសាងប្រទេសជាតិ។
-សម្ដេចធិបតី ប្រកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរក្សាស្ថិរភាព និងសន្តិភាពនៅកម្ពុជា។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះបីជាមានបុគ្គលមួយក្រុមតូចអំពាវនាវឱ្យចូលរួមបង្កចលាចលនៅកម្ពុជាក្ដី ក៏បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនចូលរួមតាមការអំពាវនាវនោះ ហើយបន្តចូលរួមរក្សាលំនឹងស្ថិរភាព និងសុខសន្តិភាព សម្រាប់កម្ពុជា។
បើតាមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា តបតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។
គម្រោងកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា បានប្រើប្រាស់ថវិកាសរុប ២២.៥៩៥.៣៥០,១៤ដុល្លារអាមេរិក។ ក្នុងនោះថវិកា ២០.៤១៤.៩៩៥,១៤ដុល្លារអាមេរិក គាំទ្រដោយរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២.១៨០.៣៥៥ដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្តថា គម្រោងនេះបានសាងសង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម៕ដោយ៖តារា