លោករដ្ឋមន្ត្រី វេង សាខុន ប្រកាសតែងតាំងមន្ត្រីមិនប្រក្រតីបាន៣ថ្ងៃ ខ្លាចមានប្រតិកម្មចេញ ប្រកាសដាក់និរាករណ៍?

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រី និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញនូវប្រតិកម្ម តាំងពីមុនប្រកាស ស្ដីពី ការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការមកម្ល៉េះ ខណៈពួកគាត់យល់ឃើញថា មានភាពមិនប្រក្រតី បក្ខពួកនិយម គ្រួសារនិយម ពាក់ព័ន្ធអំពើពុករលួយសូកប៉ាន់នេះជាដើម។ ប៉ុន្តែចុងក្រោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅតែសម្រេចតែងតាំងដដែល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ទៅលើប្រកាស ស្ដីពី ការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការចំនួន៤។ អ្វីដែលមិននឹកស្មានដល់ប្រកាសនេះក៏ត្រូវបានដាក់ឲ្យនិរាករណ៍នេះវិញ៣ថ្ងៃក្រោយមក គឺធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយលោករដ្ឋមន្ត្រីក៏បានចេញប្រកាស ស្ដីពី ការនិរាករណ៍ប្រកាសតែងតាំងមន្ត្រីរាជការចំនួន៤ដូចខាងក្រោម៖

១.ប្រកាសលេខ ៤៨៣ ប្រក.កសក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦
២.ប្រកាសលេខ ៤៨៤ ប្រក.កសក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦
៣.ប្រកាសលេខ ៤៨៥ ប្រក.កសក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦
៤.ប្រកាសលេខ ៤៨៦ ប្រក.កសក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។ ពាក់ព័ន្ធនឹងនិរាករណ៍លើប្រកាសតែងតាំងមន្ត្រីនេះត្រូវបានមន្ត្រីទម្លាយថា លោករដ្ឋមន្ត្រីទទួលស្គាល់ថានឹងមានប្រតិកម្មកើតឡើងពីមន្ត្រីសកម្មការងារ ស្អាតស្អំ ប្រឈមនឹងការតវ៉ា ទើបដាក់និរាករណ៍ភ្លាមៗធ្វើឡើងត្រឹមតែរយៈពេល៣ថ្ងៃនោះ។

មានគ្រុបហ្វេសប៊ុក របស់មន្ត្រីនៅក្នុងក្រសួង ដែលគេសង្ស័យថា នឹងមានថ្នាក់ដឹកនាំផងដែរ បានបញ្ចេញជាមតិយោបល់ ផ្តោតយ៉ាងសំខាន់សំដៅទៅលើការរិះគន់ដោយផ្ទាល់មកលើលោករដ្ឋមន្ត្រី ក្នុងនោះពួកគាត់បានបរិយាយយ៉ាងដូច្នេះថា «ក្រោយលោក អ៊ាង សុផល្លែត និងលោក សូ ខនឬទ្ធីគុណ ចេញពីក្រសួងកសិកម្ម និងមានអ្នកចេញមកបន្តរិះគន់លោករដ្ឋមន្ត្រី វេង សាខុន ដូចខាងក្រោម៖» ពួកគាត់បានលើងឡើងថា «តើនេះជាចំណាត់ការ ឬទ្រាំនៅមិនបានរបស់មន្ត្រីកសិកម្មទាំង២រូបនេះ? មន្ត្រីទាំង២នេះគឺជាមន្ត្រីសកម្ម មានបច្ចេកទេសជំនាញ និងប្រឹងប្រែងស្រាវជ្រាវគួរឲ្យសរសើរ តែហេតុអ្វីបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រីប្ដូរលោកទាំង២ទៅក្រសួងផ្សេងវិញ? ជាការកត់សម្គាល់មានតែក្រសួងកសិកម្មតែមួយគត់ដែលក្រោមការផ្លាស់ប្តូររដ្ឋមន្ត្រីមានរឿងអាស្រូវច្រើន ជាពិសេសគឺលោករដ្ឋមន្ត្រី វេង សាខុន នេះតែម្តង។ មន្ត្រីរាជការមានការមិនសប្បាយចិត្តយ៉ាងខ្លាំងនឹងការគ្រប់គ្រងរបស់លោករដ្ឋមន្ត្រី វេង សាខុន ដែលគ្មានភាពជាអ្នកដឹកនាំ មិនចេះប្រើប្រាស់និងរក្សាធនធានមនុស្ស ឆ្មើងឆ្មៃតម្លើងឫកគ្រួសារបក្ខពួកនិយម យកមិត្តភក្ដិមកធ្វើជានាយកខុទ្ទកាល័យ និងកូនជានាយខុទ្ទកាល័យដែលគ្មានជំនាញកសិកម្ម និងត្រួតត្រាមន្ត្រីថ្នាក់ក្រោមជំនួសរដ្ឋមន្ត្រី រឿងអាស្រូវពុករលួយ«តូលុយ» ពេលតែងតាំងមន្ត្រី…។ល។ ពួកគាត់បន្តថា សរុបមកមានតែរដ្ឋមន្ត្រីកសិកម្មថ្មី ដែលអន់ជាងគេ ហើយអ្វីដែលរិតតែអន់ទៀតនោះ គឺពិសពុលជាងរដ្ឋមន្ត្រីដែលប្តូរចេញមុនឆ្ងាយណាស់។ មន្ត្រីរាជការក្រសួងកសិកម្មនឹងអស់ជំនឿ ពិសេសអាចនឹងជះឥទ្ធិពលប៉ះពាល់ទៅនឹងប្រជាប្រិយភាព ដូច្នេះពួកគាត់បានលើកឡើងថា គួរគាត់ឆ្លុះកញ្ចក់ ដុសក្អែលចេញទើបមន្ត្រីរាជការថ្នាក់ក្រោមស្ងប់អារម្មណ៍បាន។

អ្វីដែលមន្ត្រីរិះគន់បំផុតនោះត្រង់ថា លោករដ្ឋមន្ត្រីមានទំនប់ចិត្តតែលើមិត្តភក្ដិគាត់ម្នាក់ជានាយករដ្ឋខុទ្ទកាល័យ និងកូនជានាយខុទ្ទកាល័យ វ័យក្មេងមិនមានបទពិសោធន៍រហូតដល់ធ្វើឲ្យលោក អ៊ាង សុផល្លែត សម្រេចចេញពីអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សូ ខនឫទ្ធីគុណ កូនប្រុសសពលោករដ្ឋមន្ត្រី សូរ ឃុន ពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ ម្យ៉ាងទៀត កំហុសដ៏ធ្ងន់ធ្ងររបស់លោករដ្ឋមន្ត្រី វេង សាខុន ត្រង់សម្រេចចិត្តលឿនពេកតាមមិត្តភក្ដិ និងកូន ឈានដល់ចេញប្រកាស ស្ដីពី ការតែងតាំងមន្ត្រីរាជការចំនួន១២រូប នៃសាលាជាតិកសិកម្មព្រែកលៀប និងប្រកាស ស្ដីពី បញ្ចប់ភារកិច្ចមន្ត្រីរាជការក្នុងសាលាជាតិកសិកម្មព្រែកលៀប អាចជាការបំពានការងារដ្ឋបាលក្នុងនាមលោកជារដ្ឋមន្ត្រី។ មន្ត្រីបានលើកឡើងថា ជាធម្មតាតាមសាលា អ្នកគ្រប់គ្រងនិមួយៗគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាល មុននឹងធ្វើការដក ឬតែងតាំងក្នុងសាលានិមួយៗ គួរណាស់តែលោករដ្ឋមន្ត្រីពិភាក្សា សួរនាំពីថ្នាក់ដឹកនាំក្នុងក្រសួងដូចជា អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងក្រុមប្រឹក្សាភិបាល ក៏ដូចជាការប្រជុំផ្ទៃក្នុង ផ្ទុយទៅវិញលោករដ្ឋមន្ត្រីនឹកឃើញដកតាមអំពើចិត្ត ស្តាប់តាមតែមិត្តភក្ដិ ជានាយកខុទ្ទកាល័យ និងកូនជានាយខុទ្ទកាល័យ។ ករណីសម្រេចចិត្តដូចភ្នែកបន្ទោលនេះ សង្ស័យលោករដ្ឋមន្ត្រីដឹងជាមុនថា នឹងមានប្រតិកម្មកើតឡើងពីមន្ត្រី និងថ្នាក់ដឹកនាំទើបនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ចេញប្រកាសនិរាករណ៍ចោលទៅលើការប្រកាសទាំង៤ខាងលើភ្លាមដោយឥតព្រៀងទុក។

បច្ចុប្បន្នបន្ទាប់ពីមានរឿងមិនប្រក្រតីកើតឡើងរបស់ក្រសួងមួយនេះ លោករដ្ឋមន្ត្រីកំពុងតែមានអារម្មណ៍មិនហ្នឹងន៍ និងឈានដល់ដាក់ភាពសង្ស័យថា មានរដ្ឋលេខាធិការមួយរូបអាចនឹងទម្លុះរឿងនេះ ប៉ុន្តែមន្ត្រីបានលើកជាមតិថា គ្មានអ្វីសុខជាងការរំងាប់ចិត្ត ឬមានតែភាពយុត្តិធម៌ប៉ុណ្ណោះជាជ័យជំនះក្នុងការដឹកនាំ និងទទួលបានការគាំទ្រ ដូចអ្វីដែលសម្តេចតេជោ នាយរដ្ឋមន្ត្រីដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការក្នុងក្របខណ្ឌទូទាំងប្រទេសនោះ។

បើទោះជាមានការលើកឡើងដោយមន្ត្រីបែបនេះក្ដី នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ «នគរដ្រេហ្គន» មិនអាចទំនាក់ទំនងបានទេសុំការបំភ្លឺ ពីលោករដ្ឋមន្ត្រី វេង សាខុន ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមានមន្ត្រីខ្លះបានលើកឡើងថា ហេតុអ្វីមួយរយៈនេះលោករដ្ឋមន្ត្រីដែលជាអ្នកធ្លាប់ធ្វើការនៅស្រុកខ្មែរសោះ បែរជាពេលចុះទៅមូលដ្ឋានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើសំណង់កសិកម្ម ធារាសាស្ត្រជាដើម ដោយរិះគន់ថាធ្វើគ្មានស្តាង់ដារ? ម្យ៉ាងទៀតលោករដ្ឋមន្ត្រី វេង សាខុន មានបានបន្សល់ទុកនូវស្នាដៃអ្វីខ្លះ ក្នុងតំណែងជារដ្ឋមន្ត្រីមកដល់បច្ចុប្បន្ន?៕

image-258 image image-282 1 2 3 4

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print