ក្រសួងមហាផ្ទៃបន្តចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបាន២២ទៀតក្នុងខែកញ្ញាកន្លងទៅ!

ចែករំលែក៖

ភ្នំពេញ ៖ មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចំនួន២២បន្ថែមទៀតហើយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ។

ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ លោកបណ្ឌិត ទូច សុឃៈ បានញែកឱ្យដឹងថា មានសមាគមចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៩។ ដោយឡែក ក្នុងខែកញ្ញាដូចគ្នា ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន១៥ផងដែរ។

គួរកត់សម្គាល់ថា គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ១.៩៦១ ក្នុងនោះមានសមាគម ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨២៨។

មាត្រា៦ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃដោយបំពេញសំណុំលិខិតរួមមាន ១-ពាក្យសុំចុះបញ្ជីចំនួន២ច្បាប់ ២-លិខិតបញ្ជាក់អាសដ្ឋាននៃទីស្នាក់ការកណ្តាលក្នុងស្រុកឃុំ ឬចៅសង្កាត់១ច្បាប់ ៣-ជីវប្រវត្តិរបស់ស្ថាបនិកដោយភ្ជាប់រូបថតទំហំ ៤ X ៦ ចំនួន២ច្បាប់ ៤-លក្ខនិ្តកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាល ២ច្បាប់។

ក្រសួងមហាផ្ទៃត្រូវសម្រេចអំពីការចុះបញ្ជីរយៈពេល៤៥ថ្ងៃបន្ទាប់ពីទទួលបានលិខិតស្នើសុំ។ ករណីក្រសួងខកខានមិនបានសម្រេចក្នុងរយៈពេលដូចកំណត់ច្បាប់ សមាគមឬអង្គការនោះត្រូវចាត់ថាបានទទួលចុះបញ្ជីស្របច្បាប់។ ករណីនេះក្រសួងត្រូវធ្វើនិយតកម្មឯកសារចុះបញ្ជីផ្តល់ជូន។ យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃអាចបដិសេដការស្នើសុំក្នុងករណីដែលរកឃើញថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាពនិងសណ្តាប់ធ្នាប់សាធារណៈឬបង្កអន្តរាយដល់សង្គមកម្ពុជា។ នេះបើតាមច្បាប់ដដែល៕

...

ដោយ ៖ លោក សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print