សារព័ត៌មាន AFP កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែតុលាបានផ្សាយថា អាជ្ញាធរនៅប្រទេសហ្វីលីពីន បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់និងបំណាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិក Trami បានបន្តកើនដល់យ៉ាងហោចណាស់៨២នាក់។
ព្យុះ Trami បានបោកបក់ចេញផុតពីហ្វីលីពីន កាលពីថ្ងៃសុក្រ ប៉ុន្តែមនុស្សជាច្រើននាក់នៅបន្តព្រាត់ប្រាសពីលំនៅឋាន ក្រោយរត់ភៀសខ្លួនពីទឹកជំនន់បង្កឡើងដោយព្យុះ ហើយជាច្រើននាក់ផ្សេងទៀតនៅជាប់លើដំបូលផ្ទះពួកគេ និងស្នើសុំការជួយសង្រ្គោះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន មនុស្សសរុបជាង២.៦លាននាក់បានរងផលប៉ះពាល់ពីព្យុះ Trami ខណៈជិត៣២០,០០០នាក់ ត្រូវបានបង្ខំឱ្យរត់ទៅជ្រកកោនតាមមជ្ឈមណ្ឌលជម្លៀសខ្លួន និងផ្ទះរបស់សាច់ញាតិ ដើម្បីសុវត្ថិភាព។
ប្រទេសហ្វីលីពីន ស្ថិតនៅទីតាំងភូមិសាស្រ្តមួយដែលជាធម្មតាទទួលរងការវាយប្រហារពីព្យុះធំៗ និងព្យុះទីហ្វុង យ៉ាងហោចប្រហែល២០ព្យុះ ក្នុងមួយឆ្នាំៗ ហើយបង្កជាគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលជារឿយៗបណ្តាលឱ្យមានមនុស្សស្លាប់៕ ដោយធីរីណា
រូបថត: TTXVN