ភ្នំពេញ៖ ក្រុមអ្នកតវ៉ាជាកម្មករ-កម្មការិនីប្រមាណជាង២០០នាក់នៅរោងចក្រកាត់ដេរ ជុង ហ្វៃ ស្ថិតនៅភូមិគោករកា ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានធ្វើការតវ៉ារហូតដល់ពេលនេះជាង២ខែហើយ ពុំមានដំណោះស្រាយណាមួយនៅឡើយទេ។
ដោយឡែកនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះដល់រោងចក្រ ជុង ហ្វៃ ក្នុងគោលបំណងសម្របសម្រួលជាមួយក្រុមអ្នកតវ៉ាកម្មករទាំងនោះ ប្រយោជន៍ឲ្យពួកគាត់យល់ដឹងអំពីផ្នែកផ្លូវច្បាប់ដែលកំពុងស្ថិតក្រោម ដំណើរការនីតិវិធីរបស់តុលាការ។ ក្នុងនោះផងដែរ លោកក៏បានធ្វើណែនាំដល់ក្រុមអ្នកតវ៉ា ធ្វើយ៉ាងណារក្សានូវសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរាបរយក្នុងការតវ៉ារបស់ខ្លួនជៀសវាងដើរដង្ហែរក្បួនឬឈរបិទផ្លូវជាដើម។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ថៅកែរោងចក្របានក្ស័យធុនហើយបានគេចខ្លួនបាត់មិនទទួលខុសត្រូវ លើប្រាក់ថ្លៃឈ្នួលរបស់កម្មករ និងប្រាក់បំណាច់ឆ្នាំផងដែរ។ លោកបន្តថា ហើយការតវ៉ារបស់ពួកគាត់បានធ្វើឡើងកាលពីអំឡុងខែមិថុនាឆ្នាំ២០១៦នេះ រហូតមកដល់ពេលនេះជាង២ខែ ក៏ប៉ុន្តែលោកបានពន្យល់ដល់ក្រុមអ្នកតវ៉ាថា តើយើងទុករឿងនេះដោះស្រាយតាមប្រព័ន្ធតុលាការឬយើងដោះស្រាយក្រៅប្រព័ន្ធតុលាការ។ លោកថា ក្រុមកម្មករបានឯកភាពគ្នាដោះស្រាយតាមប្រព័ន្ធតុលាការ ហើយក្រោយមកតុលាការក៏បានចេញដីការក្សាការពារ រងចាំការសម្រេចជាក្រោយថា សម្រេចលក់សម្ភារឡៃឡុងឬយ៉ាងណា ក៏ប៉ុន្តែឮថាតុលាការនឹងធ្វើការសម្រេចក្នុងថ្ងៃទី២៨ ខែសីហា ខាងមុខនេះ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យក៏បានពន្យល់ដល់ក្រុមអ្នកតវ៉ាទាំងអស់ថា សូមរក្សាការតវ៉ារបស់ខ្លួនឲ្យមានរបៀបរាបរយសណ្តាប់ធ្នាប់ល្អ និងជៀសវាងធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរបាត់បង់សណ្តាប់ធ្នាប់សង្គម ជាពិសេសការតវ៉ាឈរបិទផ្លូវធ្វើឲ្យប៉ះពាល់ចរាចរណ៍ជាដើម៕
ដោយ៖ តាឡឹម