សារព័ត៌មាន Reuters បានផ្សាយថា មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ទី២៥ ខែតុលា បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានអនុម័តគម្រោងលក់សព្វាវុធ ដែលរួមមានមីស៉ីល និងប្រព័ន្ធរ៉ាដាឱ្យទៅតៃវ៉ាន់ ក្នុងតម្លៃសរុបប្រមាណ២ពាន់លានដុល្លារ បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះនេះ កាលពី១សប្តាហ៍មុន។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ នៃមន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក បាននិយាយថា គម្រោងលក់សព្វាវុធថ្មីខាងលើ រួមមាន១.១៦ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធមីស៉ីល និងប្រព័ន្ធរ៉ាដា។ សហរដ្ឋអាមេរិក មានកាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវជួយផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់ ដើម្បីការពារខ្លួន បើទោះបីជាភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតផ្លូវការ ក៏ដោយ។ ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន តែងតែថ្កោលទោស ការលក់សព្វាវុធរបស់អាមេរិក ឱ្យទៅតៃវ៉ាន់ ហើយទាមទារឱ្យបញ្ឈប់ជាបន្ទាន់។
ប៉ុន្មានឆ្នាំមកនេះ ចិនបានបង្កើនការដាក់សម្ពាធផ្នែកយោធាជាខ្លាំង ប្រឆាំងនឹងតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធ ក្នុងទ្រង់ទ្រាយធំសាជាថ្មីម្តងទៀត នៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ដែលជាលើកទី២ គិតចាប់តាំងពីលោក Lai Ching-te បានក្លាយជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ កាលពីខែឧសភា ឆ្នាំនេះ។ លោក Lai ត្រូវចិនចាត់ទុកជា បុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់៕
រូបថត: vnexpress