មន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែសីហា រថយន្តដឹងប្រេង ៨៣គ្រឿង របស់ក្រុមអ៊ិស្លាម IS រងការបាញ់បំផ្លាញដោយសារតែការបាញ់ប្រហារពីយន្តហោះចម្បាំងរបស់កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកនៅភាគខាងកើតប្រទេសស៊ីរី ។
តាមការប្រកាសរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Matthew Allen បានឲ្យដឹងថា ការបាញ់ប្រហារនៅជិតតំបន់ Albu Kamal ស្ថិតនៅក្នុងខេត្ត Deir Ezzor ជាប់ព្រំដែនប្រទេសអ៊ីរ៉ាក់។
លោក Allen បញ្ជាក់ទៀតថា «ការវាយប្រហារខាងលើបានឡើងគម្រោងយ៉ាងហ្មត់ចត់ ការជួញដូរប្រេងគឺជាប្រភពចំណូលដ៏សំខាន់របស់ក្រុម IS ដូច្នេះយើងត្រូវការផ្តាច់ជំនួយរបស់ពួកគេ »។
កាលពីឆ្នាំ២០១៥ ការវាយប្រហាររបស់ប្រទេសសម្ពន្ធមិត្តបានបំផ្លាញរថយន្តដឹកប្រេងរបស់ក្រុម IS ជាង៤០០គ្រឿងនៅតំបន់វាលរហោស្ថាន ដឹកប្រេងពេញឆ្ពោះទៅកាន់គោលដៅ។ អាមេរិកនឹងសម្ពន្ធមិត្តបានបើកការវាយប្រហារទៅលើទីរបស់ក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីចាប់តាំងពីឆ្នាំ២០១៤ មក។
កាលពីខែមីនា ឆ្នាំ២០១១ មកអាមេរិក អារ៉ាប៊ីសាអ៊ូឌីត និងកាតា រួមទាំងទួរគីបានដាក់គំនៀបទៅលើរដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកអាល់អាសាដ។
វិវាទនៅប្រទេសស៊ីរីបានធ្វើឲ្យពលរដ្ឋស្លូតត្រងជាង ៤៧០.០០០នាក់ស្លាប់និងជាង ២៣លាននាក់រងផលប៉ះពាល់ ហើយរាប់លាននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពនៅប្រទេសជិតខាង។
កន្លងមកថ្មីៗកម្លាំងវាយប្រហារតាមដែនអាកាសរបស់ស៊ីរីដែលមានការគាំទ្រពីរុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំងក្រុមភេរវករនៅក្នុងទីក្រុងអាឡេប៉ូ ដើម្បីដណ្តើមគ្រប់គ្រងទីនោះមកវិញ។ រដ្ឋាភិបាលស៊ីរី បានបញ្ចេញនូវខ្សែវីដេអូនៃការបង្ហាញអំពីសកម្មភាពយន្តហោះទម្លាក់គ្រាប់បែក ដែលកម្ទេចគោលដីទាំងឡាយស្ថិតនៅភាគពាយព្យនៃទីក្រុងខាងលើ ។
បណ្តាញព័ត៌មាន ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះថា ក្រុមឧទ្ទាមបានប្រកាសថា ពួកគេដណ្តើមបានក្រុងសំខាន់របស់ស៊ីរី គឺក្រុង អាឡេប៉ូ ពីរដ្ឋាភិបាល មួយសប្តាហ៍មកហើយ តែពេលនេះស្ថិតក្នុងភាពគ្រោះថ្នាក់ ព្រោះយន្តហោះវាយប្រហារ ដែនអាកាសដែលគាំទ្រ ដល់រដ្ឋាភិបាលស៊ីរី បានដាក់គោលដៅកំទេចទីតាំងរបស់ពួកគេ ។
ក្រុមឧទ្ទាមបានលើកឡើងពីដំបូងថា ពួកគេបានវាយបំបែកយកក្រុង Aleppo ពីយោធារដ្ឋាភិបាលបានមួយសប្តាហ៍ហើយដោយប្រកាសបដិសេធថា មិនមែនក្រុងដាម៉ាស់ នោះទេ ។
ពលរដ្ឋដែលរស់នៅតំបន់វាយប្រហារពីដែនអាកាសរបស់យន្តហោះសម្ព័ន្ធមិត្តប្រមាណ ២៥០.០០០នាក់ស្ថិតក្នុងតំបន់គ្រោះថ្នាក់នេះនៅឡើយ ។
សម្ពន្ធឧទ្ទាមអ៊ិស្លាម កំពុងប្តូរស្ថានការណ៍លើសមរភូមិអាឡិប ក្រុងសំខាន់ទីពីររបស់ស៊ីរី ដោយអាចនឹងដណ្តើមក្រុងនេះពីកណ្តាប់ដៃកងទ័ពរដ្ឋាភិបាលយកមកត្រួតត្រាវិញ។ អាឡិប ក្រុងយុទ្ធសាស្ត្របំផុត ទាំងសម្រាប់ខាងរដ្ឋាភិបាល ក៏ដូចពួកប្រឆាំង។ ក្នុងរយៈពេលតែមួយសប្តាហ៍ចុងក្រោយសោះ មានយុទ្ធជនជាង ៥០០នាក់ បានបាត់បង់ជីវិតលើសមរភូមិនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី