រថយន្ត Lexus មួយគ្រឿងបត់មិនប្រយ័ត្នទៅបុកម៉ូតូ១គ្រឿងបណ្ដាលឲ្យម៉ូតូដួលជាប់ក្រោមរថយន្ត និងធ្វេីឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះអាយុជីវិតភ្លាមៗ បន្ទាប់ពីត្រូវរថយន្តLexusមួយគ្រឿងបើកមកបុកពេលកំពុងជិះម៉ូតូតាមដងផ្លូវពេញទំហឹង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1164 ធ្វេីដំណេីរតាមវិថីព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែក រថយន្តក៏បានស៊ីញ៉ូបត់ឆ្វេង គោលបំណងទៅផ្លូវលេខ៨៤ ប៉ុន្តែដោយសារការបត់នោះមិនត្រឹមត្រូវតាមគន្លង បានធ្វើឲ្យរថយន្តឆ្លងទៅកៀកផ្លូវម្ខាងទៀត ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-0941 ទិសដៅពីជើងទៅត្បូង មកបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យភាគីខាងម្ចាស់ម៉ូតូរងរបួសធ្ងន់ រីឯម្ចាស់រថយន្តបង្កបានចុះពីលើរថយន្ដគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ ចំណែកភាគីរងគ្រោះដែលជាម្ចាស់ម៉ូតូ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាម៉ុយ ឲ្យមកទទួល ដើម្បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print