ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះកងរី(Kong-rey)នៅមានឥទ្ធិពលខ្លាំងលើរបប ខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និង គ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសពាយ័ព្យ និងបស្ចិម មានល្បឿនមធ្យម៦ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៤៥%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសពាយ័ព្យ និងបស្ចិមមានល្បឿនមធ្យម៧ ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសពាយ័ព្យមានល្បឿន មធ្យម ៦,៥ ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃ ដី១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ដោយ៖តារា