សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះពរព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីព្រះថ្វាយព្រះពរ ប្រារព្ធធ្វើឡើងនៅក្នុងព្រះបរមរាជវំាង ដោយមានការយាង និមន្ត អញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ឥស្សរជនថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ និងព្រះរាជវង្សានុវង្ស ជាច្រើនកុះករ។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុង្គឧត្តមនេះ កូនចៅប្រជានុរាស្រ្តនៅទូទំាងប្រទេស សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់សម្រាប់ប្រជារាស្ត្រខ្មែរគ្រប់ៗរូបជានិច្ចនិរន្តរ៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print