ភ្នំពេញ៖ លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា បន្តជួយផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារគ្រឿងញៀន និង ឥទ្ធិពលអាក្រក់ ដល់យុវជនគ្រប់ស្រទាប់វណ្ណៈ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាប្រដាល់គុណខ្មែរ ស្តីពីកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)។
លោកទេសរដ្ឋមន្ដ្រី ព្រុំ សុខា បានគូសបញ្ជាក់ថា ការជំរុញលើកទឹកចិត្តឲ្យបន្តចូលរួមផ្សព្វផ្សាយនេះ សំដៅធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាព តាមរយៈការដាក់បញ្ចូលទៅក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។
ទេសរដ្ឋមន្ត្រី ព្រុំ សុខា បានអះអាងទៀតថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនៃការរួបរួមគ្នា ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមឲ្យបានកាន់តែសកម្ម ធ្វើយ៉ាងណាឲ្យយុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ បានយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។
ជាពិសេសធ្វើឲ្យពួកគាត់មានមូលដ្ឋានក្នុងការប្រកាន់ជំហរដាច់ខាត «មិនប៉ះពាល់ និងមិនប្រើប្រាស់គ្រឿងញៀន» ដែលជាកត្តាគន្លឹះក្នុងការកាត់បន្ថយតម្រូវការ ឬកាត់បន្ថយទីផ្សារនៃការជួញដូរ ហើយបន្តិចម្តងៗនឹងអាចឈានទៅកាត់បន្ថយ និងលុបបំបាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនទៀតផង។
ជាមួយគ្នានេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា រាល់ព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរកំពុងតែមានប្រជាប្រិយភាព និងជាទីច្បាប់អារម្មណ៍ពីអ្នកគាំទ្រ ដែលអាចចាក់ចូលដល់ក្នុងក្រអៅបេះដូងរបស់មហាជនគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនតែម្តង ដែលនេះបញ្ជាក់ឲ្យឃើញថា កីឡាករ កីឡាការនី ប្រដាល់កូនខ្មែរពិតជាបុគ្គលដ៏មានឥទ្ធិពលបំផុតក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយ និងការអប់រំពីផលអាក្រក់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
លោកក៏បានប្តេជ្ញាចិត្តថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន ឲ្យបានទូលំទូលាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅតាមគ្រប់វេទិការប្រកួតកីឡាប្រដាល់គុនខ្មែរ៕ដោយ៖តារា