ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជា លើកទី២ ដែលប្រព្រឹត្តិទៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា សមាគមសិល្បករខ្មែរ មន្រ្តី និងសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋជាច្រើនរយនាក់។
មានប្រសាសន៍នាពិធីនៅពេលនោះ លោកស្រី ភឿង សកុណា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ហើយដោយមាន ការសហការសម្របសម្រួលពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ធ្វើឱ្យព្រឹត្តិការណ៍ខាងលើកាន់រស់រវើកនិងទាក់ទាញ។ ក្រៅពីនេះ លោកស្រី រដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរ គុណដល់ស្ថាប័នជាដៃគូចូលរួម និងឧបត្ថម្ភ ដែលតែងតែគាំទ្ររាល់ព្រឹត្តិការណ៍ទាក់ទងនឹងវប្បធម៌ និងសិល្បៈខ្មែរ ដើម្បីរួមចំណែកលើកតម្កើង និងផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី ដែលជាមរតកប្រពៃណីជាតិនេះ ទៅកាន់សាធារណជន និងភ្ញៀវទេសចរឱ្យបានកាន់តែទូលំទូលាយបន្ថែម។
ចំពោះការតាំងបង្ហាញមុខម្ហូបអាហារខ្មែរវិញ លោកស្រីរដ្ឋមន្រ្តីយល់ថា ម្ហូបអាហារមានតម្លៃណាស់ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការ រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានប្រវត្តិដ៏យូរលង់មកហើយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នេះមានការតាំងបង្ហាញនូវម្ហូបអាហារ ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈចម្រុះបែប។ល។ នៅរសៀលថ្ងៃទី២៩ ខែតុលានេះ ក៏មានកម្មវិធីក្បួនដង្ហែព្រះមហាក្សត្រនៅសម័យអង្គរ ដែលរៀបចំនៅបរិវេណខាងក្នុងប្រាសាទអង្គរវត្ត៕