លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យប្រតិភូនាវាយុវជនកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គណៈ ប្រតិភូនាវាយុវជនកម្ពុជា ដែលដឹកនាំដោយ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជននិងកីឡាចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

លោកជំទាវអគ្គនាយកយុវជនជម្រាបជូនលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ អំពីប្រវត្តិ គោលបំណង សកម្មភាពនានា និងការចូលរួមគួរឱ្យកត់ សម្គាល់របស់ប្រតិភូនាវាយុវជនកម្ពុជានាឆ្នាំកន្លងទៅ ជាពិសេសអំពីដំណើរការជ្រើសរើស ប្រធានប្រតិភូ០១ រូប និងយុវជន ១៥ រូប ដំណើរការបណ្តុះបណ្តាល និងការត្រៀមខ្លួនជាស្រេចរបស់ប្រតិភូនាវាយុវជនកម្ពុជា ដើម្បីចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ នេះ។ ក្នុងនាមគណៈប្រតិភូនាវាយុវជនកម្ពុជា លោក ជំទាវអគ្គនាយកយុវជន សូមថ្លែងអំណរ គុណដ៏ជ្រាល ជ្រៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម នាឱកាសនេះ។

លោក សុះ សលីហ៊ីន ប្រធានប្រតិភូយុវជន តំណាងឱ្យប្រតិភូនាវាយុវជនកម្ពុជាគ្រប់ៗរូប សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំកំពូល លោកជំទាវបណ្ឌិត ដែលតែងបានយកចិត្តទុកដាក់ លើកការបណ្តុះ បណ្តាលយុវជន។ ជាមួយគ្នានេះ ប្រតិភូនាវាយុវជនកម្ពុជា សូមប្តេជ្ញាចិត្តធ្វើខ្លួនក្នុងភាពជាតំណាងកម្ពុជាឱ្យបានល្អប្រសើរ នាំយកកិត្យានុភាព សមិទ្ធផលជាតិ ទៅបង្ហាញដល់មិត្តអន្តរជាតិឱ្យបានស្គាល់ និងយល់ឱ្យកាន់តែច្បាស់អំពីប្រទេស។

ក្នុងមនោសញ្ចេតនារំភើប និងមោទកភាពខ្ពស់លោក ជំទាវបណ្ឌិត បានបង្ហាញនូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ដែលជាប់ និងត្រូវបានជ្រើសរើសឱ្យជាតំណាងជាតិក្នុងកម្មវិធីដ៏មានសារៈសំខាន់នាពេល នេះ។ ជាមួយយគ្នានេះ លោកជំទាវបណ្ឌិត បានកោត សរសើរដល់សកម្មភាពការងារយ៉ាងសកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា ជារួម និងអគ្គនាយកដ្ឋានយុវជន និយាយដោយឡែក ក្នុងការងារបណ្តុះបណ្តាលមូលធនមនុស្ស និងអនាគតថ្នាក់ដឹកនាំរបស់កម្ពុជា។

ជាអនុសាសន៍ណែនាំ លោកជំទាវបណ្ឌិត បានផ្តាំផ្ញើដល់ប្រធាន និងប្រតិភូនាវាយុវជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទថ្លៃថ្នូរ ប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន បទពិសោធន៍សង្គម ដើម្បីជជែក និងចែករំលែកជាមួយបណ្តាមិត្តក្នុងកម្មវិធី ចេះជួយយកអាសារ និងរក្សានូវឥរិយាបទសិក្សាជាប្រចាំ។ ពេលត្រឡប់មកកម្ពុជាវិញ ប្អូនៗមានភារកិច្ចចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់ប្អូនជំនាន់ក្រោយទៅតាមលទ្ធភាព និងពេលវេលា។

លោកជំទាវបណ្ឌិត សូមជូនពរដល់គណៈប្រតិភូនាវាយុវជនកម្ពុជា គ្រប់រូបសូមមានសុខភាពល្អ និងជោគ ជ័យក្នុងបេសកម្មភាពដ៏មានអត្ថន័យនាឱកាសនេះ។

...

គួរជម្រាបជូនផងដែរថា គណៈប្រតិភូនាវាយុវជនកម្ពុជា នឹងចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print